អភិបាលខេត្តកំពង់ធំអញ្ជើញត្រួតពិនិត្យទីតាំងមណ្ឌលត្រៀមប្រលងសញ្ញាបត្រទុតិយភូមិ និងពិនិត្យស្ថានភាពអាគារសិក្សានៅសាលារៀន ក្នុងក្រុងស្ទឹងសែន


អភិបាលខេត្តកំពង់ធំអញ្ជើញត្រួតពិនិត្យទីតាំងមណ្ឌលត្រៀមប្រលងសញ្ញាបត្រទុតិយភូមិ និងពិនិត្យស្ថានភាពអាគារសិក្សានៅសាលារៀន ក្នុងក្រុងស្ទឹងសែន

រសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងសហការី អញ្ជើញត្រួតពិនិត្យទីតាំងមណ្ឌលត្រៀមប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) នាថ្ងៃទី០៦-០៧ ខែវិច្ឆិកាខាងមុខនេះ នៅមណ្ឌលវិទ្យាល័យកំពង់ធំ ។

តាមរបាយការណ៍លោក តាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំខេត្តបានអោយដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង០៦ វិច្ឆិកា ២០២៣ ក្នុងខេត្តកំពង់ធំ មានមណ្ឌលប្រលងសរុបចំនួន១៣ មានបេក្ខជនសរុបចំនួន ៥.៩០៧នាក់ ស្រីចំនួន៣.២២៧នាក់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមានចំនួន០២មណ្ឌល មានបេក្ខជនចំនួន១.២៣៨ និងថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន១១មណ្ឌល មានបេក្ខជនសរុបចំនួន៤៦.៦៩នាក់។

ឯកឧត្តម ងួន រតនៈ ផ្ដល់អនុសាសន៍សំខាន់ៗ ដល់អាជ្ងាធរ លោកប្រធានមន្ទីរ និងនាយកសាលា ដើម្បីជាមូលដ្ឋានក្នុងការរៀបចំការប្រឡងអោយដំណើរការរលូន ទាំងផ្នែកការងាររដ្ឋបាល ការងារគ្រប់គ្រង បច្ចេកទេស សន្តិសុខ វិធានការសុខភាព និងសណ្តាប់ធ្នាប់។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ងួន រតនៈ បានបន្តអញ្ជើញចុះត្រួតពិនិត្យស្ថានភាពអាគារសិក្សារនៅសាលារៀនចំនួន០២ រួមមានសាលាបឋមសិក្សារកា ស្ថិតនៅសង្កាត់ស្រយ៉ូវ និងសាលាបឋមសិក្សាស្ទឹងសែន ស្ថិតនៅសង្កាត់កំពង់រទេះ ដោយសារតែសាលាទាំង២នេះ មានកំណើនសិស្ស ហើយចំនួនខ្នងអគារសិក្សាមានចំនួនតិច ខ្វះបន្ទប់រៀន ហើយបន្ទប់ខ្លះមានសភាពចាស់ទ្រុឌទ្រោម។

ឯកឧត្តម អភិបាលខេត្តមានប្រសាសន៍ថា រដ្ឋបាលខេត្តនឹងសិក្សារៀបចំគម្រោងដាក់ស្នើទៅកាន់រដ្ឋាភិបាល អំពីការសាងសង់អាគារសិក្សាបន្ថែម ក៏ដូចជាជួសជុលនូវអគារចាស់ៗ ដើម្បីដោះស្រាយនូវបញ្ហាប្រឈមនិងសំណូមពររបស់ លោកគ្រូអ្នកគ្រូ
និងសិក្សានុសិស្ស។