បេក្ខជនពេញសិទ្ធិឈរឈ្មោះបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា ជំរុញឲ្យអង្គបោះឆ្នោតត្រៀមរៀបចំឯកសារពាក់ព័ន្ធឱ្យបានរួចរាល់


បេក្ខជនពេញសិទ្ធិឈរឈ្មោះបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា ជំរុញឲ្យអង្គបោះឆ្នោតត្រៀមរៀបចំឯកសារពាក់ព័ន្ធឱ្យបានរួចរាល់
លោកជំទាវ ឃួន ឃុនឌី បេក្ខជនពេញសិទ្ធិឈរឈ្មោះបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា បានលើកឡើងថា ក្រុមប្រឹក្សាឃុំដែលជាអង្គបោះឆ្នោតទាំងអស់ត្រូវតែត្រៀមឯកសារចាំបាច់មួយចំនួនសម្រាប់ត្រៀមការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។

លោកជំទាវថ្លែងដូចនេះនៅក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ២០២៤ និងគូសសន្លឹកឆ្នោតសាកល្បងដល់សមាជិក សមាជិការគណបក្សស្រុកប្រាសាទប័ល្លង្ក ខេត្តកំពង់ធំ ថ្ងៃទី១៤ ខែ កុម្ភៈ ឆ្នាំ២០២៤។

លោកជំទាវបានក្រើនរំលឹកដល់សមាជិកសមាជិកាទាំងអស់នូវចំណុចអាទិភាព៖

១.ត្រូវត្រៀមឯកសារពាក់ព័ន្ធនានាឲ្យបានមុនពិសេសគឺអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរពីព្រោះការបោះឆ្នោតសាកល្បងថ្ងៃនេះគឺជាគំរូជាក់ស្ដែងមួយតើយើងត្រូវត្រៀមអ្វីខ្លះ ហើយយើងនិងអនុវត្តជាក់ស្ដែងនៅថ្ងៃទី ២៥ ខែកុម្ភៈឆ្នាំ ២០២៤ ដូចគ្នានេះដែរ។

២.ត្រូវថែទាំសុខភាពឱ្យបានល្អពីព្រោះសុខភាពនេះជាកត្តាចម្បងបំផុតដែលត្រូវតែយកចិត្តទុកដាក់និងប្រុងប្រយ័ត្នឱ្យបានខ្ពស់ យើងដឹងហើយថាសុខភាពគឺជាកត្តាចម្បងទី១របស់យើង

៣. សមាជិក សមាជិការដែលជាអង្គបោះឆ្នោតទាំងអស់ត្រូវតែការពារសុវត្ថិភាពឱ្យបានល្អ ពីព្រោះយើងទាំងអស់គ្នាគឺជាអ្នកដែលមានសក្តានុពលភាព ជាជនបង្គោល ជាជនគំរូនៅថ្នាក់មូលដ្ឋានដែលរាជរដ្ឋាភិបាលផ្ដល់សេចក្តីទុកចិត្ត ដូចនេះយើងមិនត្រូវធ្វើប្រហែសបានឡើយ ។

លោកជំទាវ បានបន្តថា សំខាន់បំផុតគឺការជឿជាក់លើគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី១ ហើយប្រធានគណបក្សស្រុកត្រូវតែក្តាប់ព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយនៅចំនួនសមាជិក សមាជិការគណបក្សឃុំទាំងអស់ដើម្បីតាមដានបានឲ្យច្បាស់នៅស្ថានភាពជាក់ស្ដែងរបស់ពួកគាត់ ក្រែងមានបញ្ហាណាមួយកើតឡើងដោយចៃដន្យ។

លោកជំទាវ ឃួន ឃុនឌី បានជូនពរដល់សមាជិកក្រុមការងារទាំងអស់មានសុខសុវត្ថិភាពនិងចូលរួមការបោះឆ្នោតនាពេលខាងមុខនេះឲ្យបានគ្រប់គ្នា។ សូមបញ្ជាក់ថាសមាជិកសមាជិការគណបក្សប្រជាជនកម្ពុជាដែលបានចូលរួមក្នុងការឃោសនានិងបោះឆ្នោតសាកល្បងនេះមានចំនួន៤៧ នាក់ ក្នុងនោះមានអង្គបោះឆ្នោត២៧ នាក់៕