ឯកឧត្តមបណ្ឌិត ថោង ខុន សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ ជាប្រធានក្រុមការងារចុះមូលដ្ឋាន ឯកឧត្តម ងួន រតនៈ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ និងសមាជិកសមាជិកាជាច្រើននាក់ បានអញ្ជើញជាអធិបតីក្នុងបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។
នាឱកាសនោះឯកឧត្តមបណ្ឌិត ថោង ខុន បានសាកសួរសុខទុក្ខ និងនឹករឭកពីសម្តេចប្រមុខទាំង៣ គឺ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា ជូនដល់មន្រ្តី និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់នៅក្នុងខេត្តកំពង់ធំទាំងមូល។
ឯកឧត្តមបណ្ឌិតប្រធានក្រុមការងារចុះមូលដ្ឋាន បានបន្ថែមថា វត្តមានរបស់សមាជិក សមាជិកាគណបក្សប្រជាជននាពេលនេះបានបញ្ជាក់ច្បាស់អំពីស្មារតីយកចិត្តទុកដាក់ សាមគ្គីឯកភាពផ្ទៃក្នុងគណបក្ស តាំងពីថ្នាក់លើដល់ថ្នាក់ក្រោម រក្សាខ្ជាប់ខ្ជួននូវប្រពៃណីថ្លៃថ្លានៃដំណើរការលើកកម្ពស់ប្រជាប្រិយភាព និងកិត្យានុភាពរបស់គណបក្ស ក្នុងការដឹកនាំប្រទេសកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍរីកចម្រើនទៅមុខជានិច្ច។
បណ្ឌិត ថោង ខុន បានបន្តទៀតថា សម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានដាក់ចេញកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលមានអាទិភាពគន្លឹះចំនួន៥ គឺ៖ មនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យា ដើម្បីធានាការពារសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់សង្គម លើកកម្ពស់សុខមាលភាព ជីវភាពរស់នៅរបស់ប្រជាជន ផ្តល់សេវាសាធារណៈឲ្យខិតជិតប្រជាជន បង្កើនកិច្ចគាំពារសង្គមជូនជនក្រីក្រ ឆ្លើយតបទៅនឹងបំណងប្រាថ្នា និងផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់ប្រជាជនគ្រប់ៗរូបគ្រប់មូលដ្ឋាន។
ឯកឧត្តមបណ្ឌិត ថោង ខុន សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ ជាប្រធានក្រុមការងារចុះមូលដ្ឋាន បានលើកទឹកចិត្តឱ្យសមាជិក សមាជិកាក្រុមប្រឹក្សាឃុំដែលជាអង្គបោះឆ្នោត ថែរក្សាសុខភាពឱ្យបានល្អ និងទុកដាក់អត្តសញ្ញាណបណ្ណសម្រាប់បោះឆ្នោតបានត្រឹមត្រូវ ប្រព្រឹត្តនៅថ្ងៃអាទិត្យទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខនេះ សូមសមាជិក សមាជិកាក្រុមប្រឹក្សាឃុំ អញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា និងមានលេខរៀងទី១ នៅលើសន្លឹកឆ្នោតឱ្យបានគ្រប់ៗគ្នា។ សូមបញ្ជាក់ដែរថា បើតាមការជូនដំណឹងជាប្រចាំថ្ងៃរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយបានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងពុំមានបាតុភាពណាមួយកើតឡើងគួរឲ្យកត់សម្គាល់ឡើយ។
សូមបញ្ជាក់ផងដែរថា ការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង ៧:០០ព្រឹក ដល់ម៉ោង៣:០០រសៀល នៅតាមការិយាល័យបោះឆ្នោតទាំង៣៣ ចំណុះឱ្យភូមិភាគទាំង៨។