ព្រឹកថ្ងៃទី០២ ខែ កុម្ភៈ ឆ្នាំ២០១៦ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ធំ បានរៀបចំកិច្ច ប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០១៥ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០១៦ នៅសាលាខេត្តកំពង់ធំ ក្រោមអធិបតីភាឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ឯកឧត្តម អ៊ុត សំអន អភិបាលខេត្តកំពង់ធំ ឯកឧត្តម សុក ផេង អនុប្រធានក្រុមការងារថ្នាក់ជាតិ និងមានការចូលរួមពី លោក លោកស្រី ជាសមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ធំ ស្ថាប័នជំនាញ ក្នុងខេត្ត ក្រុង ស្រុកទាំង៨ នៃខេត្តកំពង់ធំសរុបចំនួន ១៥០នាក់ ។ កិច្ចប្រជុំបានត្រួតពិនិត្យទៅលើរបាយការណ៍លទ្ធផលដែលបានអនុវត្តក្នុងឆ្នាំ២០១៥កន្លងមក ដែល ក្នុងនោះរួមមាន ៖ ការដោះស្រាយដីនៅតំបន់៣ តំបន់២ ក្នុងភូមិសាស្ត្រស្រុកទាំង៥ ការពង្រឹងការអនុវត្តច្បាប់ស្តី ពីព្រៃឈើ ការដោះស្រាយបញ្ហាដីធ្លី ការផ្សព្វផ្សាយគោលនយោបាយ សេចក្តីសម្រេចអនុគ្រោះមួយចំនួន របស់រាជរដ្ឋាភិបាល ការដោះស្រាយបញ្ហាអគ្គីសនី ការផ្តល់សេវាសាធារណៈ ការធ្វើអត្តសញ្ញាណប័ណ្ណ ការជួយ អន្តរាគមន៍ដោះស្រាយទឹក ជូនប្រជាពលរដ្ឋ និងការអនុវត្តគោលនយោបាយ “ ភូមិ ឃុំ មានសុវត្ថិភាព ” ។ កិច្ចប្រជុំបានលើកឡើងនូវប្រធានបទសំខាន់ៗ ដែលបកស្រាយបន្ថែមដោយអាជ្ញាធរខេត្ត ស្នងការ នគរបាលខេត្ត មន្ទីរធនធានទឹក មានដូចជា ៖ លទ្ធផលនៃការចុះពិនិត្យ និងផ្ទៀងផ្ទាត់ដីតំបន់៣ តំបន់២ និង ការរៀបចំសលាកប័ត្រព័ត៌មានជូនប្រជាពលរដ្ឋអាស្រ័យផល ផែនការការងារ និងកម្មវិធីចុះធ្វើអត្តសញ្ញាណប័ណ្ណ និងគោលនយោបាយ “ភូមិ ឃុំ មានសុវត្ថិភាព ” ការចុះអន្តរាគមន៍ដោះស្រាយទឹក និងការគ្រប់គ្រងផ្សារភាស៊ី សត្វឃាត។ អង្គប្រជុំបានពិភាក្សា និងផ្លាស់ប្តូរយោបល់យ៉ាងផុលផុស និងបានឯកភាពគ្នាក្នុងការលើកទិសដៅ អនុវត្តបន្ត និងដោះស្រាយបញ្ហាសំខាន់ៗ ជាអទិភាពសម្រាប់ឆ្នាំ២០១៦ដែលរួមមាន៖ការចុះពិនិត្យ និងផ្ទៀង ផ្ទាត់ ដីតំបន់៣ តំបន់២ និងចេញសលាកប័ត្រព័ត៌មាន ជូនប្រជាពលរដ្ឋអាស្រ័យផល ការបន្តចុះដោះស្រាយទឹក ជូនប្រជាពលរដ្ឋ ការបន្តដោះស្រាយបញ្ហាដីធ្លី វិធានការអប់រំ និងបង្ក្រាបបទល្មើសព្រៃឈើ បទល្មើសជលផល ការ ជំរុញចលនាប្រឡងប្រណាំងផ្តល់សេវាសាធារណៈ គោលនយោបាយ “ ភូមិ ឃុំមានសុវត្ថិភាព” ការរៀបចំគ្រប់ គ្រងផ្សារ ភាស៊ី និងទីតាំងសត្វឃាតឲ្យបានល្អ ការផ្សព្វផ្សាយ និងត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវ គោកថ្មី ការពង្រឹងកិច្ចការពារអំពើលួច ប្លន់ ការគ្រប់គ្រងអគ្គីភ័យ ការដោះស្រាយបញ្ហាប្រឈម និងសំណូមពរ នានាដែលពាក់ព័ន្ធនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសប្រព័ន្ធធារាសាស្រ្ត ការបង្កបង្កើនផល ការកសាង ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ នៅតាមភូមិ ឃុំ ស្រុក អគ្គីសនី ទឹកស្អាត អនាម័យ សណ្តាប់ធ្នាប់សាធារណៈ ការរៀប ចំផ្សារគំរូ ទីប្រជុំជនស្អាត ភូមិស្អាត និងផ្ទះស្អាត៕