ឯកឧត្តម វង្សី វិស្សុត សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការ កណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី/ខេត្ត/ក្រុង/ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤


ឯកឧត្តម វង្សី វិស្សុត សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការ កណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី/ខេត្ត/ក្រុង/ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ ដែលបានរៀបចំនៅអគារ ឡូវ គឹមសេង សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤។

ពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤នេះ គីគោរពតាមកាលបរិច្ឆេទរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ហើយការឃោសនានេះត្រូវបានធ្វើឡើងរយៈពេល០៨ថ្ងៃជាប់ៗគ្នា តាមប្រតិទិនរបស់គ.ជ.ប កំណត់ ដែលនឹងត្រូវ បញ្ចប់នៅម៉ោង១២:០០យប់ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។

ព្រឹកនេះគណបក្សប្រជាជនកម្ពុជាមានការជួបជុំសមាជិក សមាជិការបស់ខ្លួនប្រមាណជាង២.៦០០នាក់ នៅអគារ ឡូវ គឹមសេង សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ រួចដង្ហែចេញតាមដងផ្លូវ និងទៅតាមគោលដៅដែលបានកំណត់ក្នុងក្រុង/ស្រុកទាំង៩ ក្នុងខេត្តកំពង់ធំ។

ឯកឧត្តម វង្សី វិស្សុត បានមានសំណូមពរឱ្យសមាជិក សមាជិកាទាំងអស់ត្រូវគោរពតាមច្បាប់ គជប ក្នុងអំឡុងពេលឃោសនារកសម្លេងគាំទ្រ និងចៀសឲ្យបាននូវការប្រើប្រាស់អំពើហឹង្សានានា ។ ជាពិសេស ត្រូវគោរពឲ្យបានតាមសារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង/ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤នេះ។

គួរបញ្ជាក់ផងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី/ខេត្ត/ក្រុង/ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤។ សម្រាប់ខេត្តកំពង់ធំ មានគណបក្ស នយោបាយចំនួន៥ បានចូលរួមប្រកួតប្រជែងរួមមាន៖ គណបក្សប្រជាជនកម្ពុជា. គណបក្សហ៊្វុនស៊ិនប៉ិច .គណបក្សកម្លាំងជាតិ .គណបក្សឆន្ទៈខ្មែរ និងគណបក្សរួបរួមជាតិ។