ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍ធនធានទឹក ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ


ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍ធនធានទឹក ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ

==============

ឆ្លៀតក្នុងឱកាសបំពេញបេសកកម្មការងារនៅខេត្តកំពង់ធំ នៅរសៀលថ្ងៃអាទិត្យ ១១កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមជាថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារស្តារស្ទឹងស្លាប់នៃគម្រោងអភិវឌ្ឍន៍ទំនប់ស្ទាក់ទឹកកំពង់គោ ក្នុងខេត្តកំពង់ធំ។

សូមជម្រាបថា គម្រោងស្តារស្ទឹងស្លាប់មានការងារសំខាន់ៗដូចជា៖ ទី១)ស្ដារស្ទឹងស្លាប់ប្រវែង ៣០គីឡូម៉ែត្រ មានទំហំបាតក្រោម ២០ម៉ែត្រ មាត់លើ ៦០ម៉ែត្រ មានខ្នងទំនប់សងខាងទំហំ ៦ម៉ែត្រ និងទី២)សាងសង់សំណង់សិល្បការ្យតូចធំប្រមាណ ១១៧កន្លែង។ គម្រោងនេះមានសក្ដានុពលជួយរំដោះទឹក និងពង្វាងទឹកជំនន់ក្នុងបរិមាណ ៣០០ម៉ែត្រគូបក្នុងមួយវិនាទីពីក្រុងស្ទឹងសែន និងតំបន់ជុំវិញ និងបានដើរតួនាទីយ៉ាងសំខាន់ផងដែរក្នុងការនាំទឹក និងផ្តល់ទឹកសម្រាប់ការប្រើប្រាស់ និងស្រោចស្រពផ្ទៃដីបង្កបង្កើនផល នៅក្នុងក្រុង-ស្រុកចំនួន ៥នៃខេត្តកំពង់ធំ ដែលរួមមានក្រុងស្ទឹងសែន ស្រុកកំពង់ស្វាយ ស្រុកសន្ទុក ស្រុកប្រាសាទបល្ល័ង្គ និងស្រុកសណ្តាន់។ គិតមកដល់ពេលនេះ វឌ្ឍនភាពការងារសម្រេចបាន ៣៥%។

ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូអមដំណើរក៏បានអញ្ជើញចុះពិនិត្យស្ថានភាពអាងទឹកស្ទឹងជីនិតស្ថិតនៅក្នុងឃុំព្នៅ ស្រុកសន្ទុក និងឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្ដកំពង់ធំ។