ឯកឧត្តម វង្សី វិស្សុត សមាជិកគណៈអចិន្រៃ្តយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញប្រគល់គ្រឿងចក្រសរុបចំនួន ៩គ្រឿង


 
ព្រឹកថ្ងៃទី១៣ ខែតុលានេះ នៅស្នាក់ការគណៈកម្មាធិការគណបក្សខេត្តកំពង់ធំ, ឯកឧត្តម វង្សី វិស្សុត សមាជិកគណៈអចិន្រៃ្តយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញប្រគល់គ្រឿងចក្រសរុបចំនួន ៩គ្រឿង រួមមាន៖ ប៊ុលដូហ្សឺរ ១គ្រឿង, អិចស្កាវ៉ាទ័រ ២គ្រឿង, រ៉ូឡូ ១គ្រឿង, នីវឺឡឺ ១គ្រឿង, ឡានបែន ២គ្រឿង, ឡានស្រោចទឹក ១គ្រឿង និងឡានដឹកគ្រឿងចក្រ ១គ្រឿង ជូនដល់ក្រុមអន្តរាគមន៍ពិសេសរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ។
ឯកឧត្តម វង្សី វិស្សុត បានមានប្រសាសន៍ថា ដោយមើលឃើញពីសេចក្តីត្រូវការចាំបាច់ និងជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខេត្តកំពង់ធំ, ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ បានសម្រេចបង្កើតក្រុមអន្តរាគមន៍ ពិសេសរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ ដើម្បីអាចចេញធ្វើអន្តរាគមន៍ជួសជុល និងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធសាធារណៈខ្នាតតូច ដែលជាតម្រូវការប្រើប្រាស់ចាំបាច់ ជាប្រចាំរបស់ប្រជាជន ក៏ដូចជាពេលមានសំណូមពររបស់ប្រជាជនបានភ្លាមៗ តាមស្ថានភាពជាក់ស្តែងនៅហ្នឹងកន្លែងតែម្តង ដូចជា៖ ផ្លូវ, ប្រឡាយទឹក, ទំនប់ទឹក និងជីក ឬស្តារស្រះទឹកសហគមន៍ជាដើម ដើម្បីដោះស្រាយការលំបាក និងលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។