ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញបិទពិធីប្រណាំងទូកនៅក្នុងខេត្តកំពង់ធំ
=================
កំពង់ធំ៖ នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រណាំងទូកនៅក្នុងខេត្តកំពង់ធំ និងប្រគល់ជ័យលាភីជូនដល់ទូកដែលចូលរួមប្រណាំង។
ពិធីនេះមានការចូលរួមពី ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត មន្ត្រីរាជការក្នុងខេត្ត និងប្រជាពលរដ្ឋនៅក្នុងខេត្តយ៉ាងច្រើនកុះករ មកលើកទឹកចិត្តទូកមកពីបណ្តាក្រុង ស្រុករបស់ខ្លូនផងដែរ។
ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណអភិបាលខេត្តកំពង់ធំ បានឡើងរាយការណ៍អំពីលទ្ធផលនៃការប្រកួតថា ក្នុងឆ្នាំនេះ មានទូកចូលរួមចំនួន ៦៥ទូក ក្នុងនោះទូកវែង ០៩ទូក ទូកខ្នាតអន្តរជាតិ ៤១ទូក ទូកផ្កាចារចំនួន ១៥ទូក កីឡាករ កីឡាការិនីសរុបចំនួន ២ ០៦១នាក់ ក្នុងនោះមានចំណុះពិត ១ ៦៩១នាក់ និងកីឡាករបម្រុង ចំនួន ៣៧០នាក់។ ការរៀបចំពិធីនេះ ដើម្បីបន្តថែរក្សាទំនៀមទំលាប់ប្រពៃណីដ៏ល្អផូរផង់របស់ជាតិយើង និងរំលឹកដល់ភាពខ្លាំងក្លានៃកងទ័ពជើងទឹកពីសម័យបុរាណ។ ភាពសប្បាយរីករាយនៅថ្ងៃនេះគឺបានមកដោយសារតែប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។ ដោយឡែកសម្រាប់ខេត្តកំពង់ធំ ជាពិសេស ក្រោមការណែនាំ និងចង្អុលបង្ហាញផ្ទាល់ពីសំណាក់ ឯកឧត្តម វង្សី វិស្សុត ដែលតែងតែបានគាំទ្រទាំងគំនិត ស្មារតី ថវិកា និងសម្ភារៈ ធ្វើឲ្យខេត្តកំពង់ធំមានការរីកចម្រើនកាន់តែឆាប់រហ័ស។
នៅក្នុងឱកាសដ៏វិសេសវិសាលនោះដែរ ឯកឧត្ដម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្ដីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្ដី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងលោកជំទាវ បានប្រគល់ជ័យលាភី និងថវិកា ជូនដល់ទូកតាមចំណាត់ថ្នាក់ ដូចខាងក្រោម៖
• ទូកវែងបុរស៖ ផែនលេខ១ ទទួលបានថវិកា ៤.០០០.០០០រៀល
ផែនលេខ២ ទទួលបានថវិកា ៣.០០០.០០០រៀល
ផែនលេខ៣ ទទួលបានថវិកា ២.០០០.០០០រៀល
• ទូកវែងនារី៖ ផែនលេខ១ ទទួលបានថវិកា ៤.០០០.០០០រៀល
• ទូកខ្នាតអន្តរជាតិបុរស៖ផែនលេខ១ ទទួលបានថវិកា ១.៨០០.០០០រៀល
ផែនលេខ២ ទទួលបានថវិកា ១.២០០.០០០រៀល
ផែនលេខ៣ ទទួលបានថវិកា ៨០០.០០០រៀល
• ទូកខ្នាតអន្តរជាតិនារី៖ ផែនលេខ១ ទទួលបានថវិកា ១.៨០០.០០០រៀល
• ទូកផ្កាចារបុរស៖ ផែនលេខ១ ទទួលបានថវិកា ១.២០០.០០០រៀល
ផែនលេខ២ ទទួលបានថវិកា ៨០០.០០០រៀល
ផែនលេខ៣ ទទួលបានថវិកា ៦០០.០០០រៀល
• ទូកផ្កាចារនារី៖ ផែនលេខ១ ទទួលបានថវិកា ១.២០០.០០០រៀល
ផែនលេខ២ ទទួលបានថវិកា ៨០០.០០០រៀល។
ក្រៅពីនេះ ឯកឧត្តម វង្សី វិស្សុត ក៏បានប្រកាសឧបត្ថម្ភថវិកាដល់រដ្ឋបាលខេត្តកំពង់ធំ ក្នុងការរៀបចំការប្រណាំងទូកនេះដែរ។
សូមបញ្ជាក់ថា ពិធីប្រណាំងទូកខេត្តកំពង់ធំ មានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ តាមដងស្ទឹងសែន ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ក្រៅពីការប្រណាំងទូក ក៏មានកម្មវិធីបណ្តែតប្រទីប ការបង្ហោះគោម ការបាញ់កាំជ្រួច ការប្រគុំតន្រ្តី ការដាក់លក់ផលិតផល និងម្ហូបអាហារជាច្រើនប្រភេទផងដែរ។