ប្រធានគណៈឃោសនាអប់រំខេត្តអញ្ជើញបើកវគ្គអប់រំនយោបាយកម្រិត១ ជំនាន់ទី៤១ នៅស្រុកសណ្ដាន់


នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០២៥ ឯកឧត្តម
ព្រឹម រដ្ឋា ប្រធានគណៈឃោសនាអប់រំខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គអប់រំនយោបាយកម្រិត ១ ជំនាន់៤១ ជូនដល់សិក្ខាកាមសរុប ៥១ នាក់ ស្រី១៥ នាក់ មកពី៩ឃុំ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកសណ្ដាន់ ។
ឯកឧត្តម បានអបអរសាទរ និងថ្លែងអំណរគុណចំពោះគណគណៈឃោសនាអប់រំស្រុក គណៈគ្រប់គ្រងវគ្គ គ្រូឧទ្ទេសនាម សិក្ខាកាម មន្ដ្ដ្រីបុគ្គលិក បម្រើការងារក្នុងវគ្គនេះទាំងអស់ ដែលបានរួមគ្នាបើកវគ្គអប់រំនយោបាយនៅថ្ងៃនេះ ។

ឯកឧត្តម បានបន្ដលើកឡើងថាវគ្គអប់រំនយោយនេះមានសារៈសំខាន់ណាស់សម្រាប់មន្ដ្រីគ្រប់រូប គ្រប់ថ្នាក់ យកទៅបន្ដអនុវត្ត និងកសាងខ្លួន ព្រមទាំងប្រកាន់ខ្ជាប់នូវអត្តចរឹត និងសីលធម៌ ល្អប្រពៃ របស់មន្ដ្រីគណបក្ស ដើម្បីឱ្យសក្កិសមជាមន្ដ្រីគណបក្សទុកចិត្ត ក្នុងការបម្រើជូនសេវាផ្សេងៗ តាមស្ថាប័នរដ្ឋ ជូនប្រជាពលរដ្ឋបានល្អប្រសើរ ដើម្បីជាការឆ្លើយតបទៅនឹងទិសដៅរបស់គណបក្ស និងរាជរដ្ឋាភិបាល ។
ឯកឧត្តម បានគូសបញ្ជាក់ថា រយៈកាលពី៤៦ ឆ្នាំមុន ប្រជាពលរដ្ឋខ្មែរគ្រប់រូប រួមទាំងកុមារតូចៗរស់នៅក្រោមការបង្ខិតបង្ខំអោយធ្វើការលើសកម្លាំង គ្មានថ្ងៃឈប់សម្រាក ទទួលទានអាហារមិនគ្រប់គ្រាន់ គ្មានមន្ទីរពេទ្យ គ្មានសាលារៀន ហើយសិទ្ធិសេរីភាពទាំងអស់របស់ពលរដ្ឋត្រូវបានរបបព្រៃផ្សៃនេះបំបិទមិនអោយមានឡើយ។ ប៉ុន្តែក្រោយពីប្រទេសជាតិត្រូវបានរំដោះ នៅថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គឺពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញឡើងវិញ ហើយប្រទេសជាតិទាំងមូលមានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យមកទល់សព្វថ្ងៃ។ ទន្ទឹមនឹងនោះដែរ កម្ពុជាក៏មានកិត្យានុភាព និងមុខមាត់សារជាថ្មីលើឆាកអន្តរជាតិ។ឥឡូវនេះ ក្រោមពន្លឺនៃសន្តិភាព សេរីភាព មនសិការជាតិ និងក្នុងជំហរផ្សារភ្ជាប់នូវជោគវាសនារបស់ខ្លួនយើង ទាំងអស់គ្នា យើងជឿជាក់ថានឹងគ្មានការកើតឡើងជាថ្មីទៀតនូវសោកនាដកម្ម ដូចក្នុងអតីតកាលឡើយ។


#B