នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៦ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល សមាជិកគណ:អចិន្ត្រៃយ៍ គណ:កម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អនុប្រធានទី២ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាព ពិធីសម្ពោធសមិទ្ធផលនានាក្នុងវត្តក្តីអណ្តែត សង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ឯកឧត្តម អ៊ុត សំអន អភិបាលនៃគណ:អភិបាលខេត្តកំពង់ធំ បានអញ្ជើញអានសុន្ទរកថាស្វាគមន៍ និងរបាយការណ៍សង្ខេបជូនអង្គពិធី ក្នុងនោះបានបញ្ជាក់ អំពីសមិទ្ធផលដែលត្រូវសម្ពោធនៅពេលនេះរួមមាន សាលាធម្មវិន័យ កុដិថ្ម សាលាឆាន់ ចេតិយរួម របង ចាក់បេតុងទីធ្លាក្នុងវត្ត បង្គោលភ្លើង បន្ទប់ទឹក បន្គន់អនាម័យ សរុបទឹកប្រាក់កសាងជាង មួយពាន់លានរៀល។
ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានអញ្ជើញមានប្រសាសន៍សំណេះសំណាល សួរសុខទុក្ខ ចំពោះព្រះសង្ឃ មន្ត្រីរាជការ លោកតាលោកយាយ បងប្អូនប្រជាពលរដ្ឋ និងក្មួយៗ ចៅៗ ជាសិស្សានុសិស្ស ប្រកបដោយខ្លឹមសារសំខាន់ៗ ដោយឯកឧត្តមបណ្ឌិត បាននាំមកនូវការផ្តាំផ្ញើ សួរសុខទុក្ខរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុន សែន ដោយសម្តេច មានភារ:កិច្ចចាំបាច់ទើបមិនអាចអញ្ជើញមកចូលរួមបាន។ ឯកឧត្តមបណ្ឌិត ក៏បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះព្រះសង្ឃ និងសបុ្បរសជនទាំងអស់ ដែលបានចូលរួមទាំងកម្លាំងកាយ និងថវិកា ក្នុងការកសាងសមិទ្ធផលនានាដែលយើងកំពុងធ្វើពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនៅពេលនេះ។ មានប្រសាសន៍បន្ថែមទៀត ឯកឧត្តមបណ្ឌិត បានលើកឡើងពីប្រវត្តិនៃការកកើតព្រះពុទ្ធសាសនានៅក្នុងព្រះជាណាចក្រកម្ពុជាតាំងពីយូរលង់មកហើយ និងនៅពេលនេះរដ្ឋធម្មនុញ្ញបានចែងថា ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ និងមានការរីកចំរើនខ្លាំង។ ក្នុងឱកាលនោះដែរ ឯកឧត្តមបណ្ឌិត ក៏បានមានប្រសាសន៍ជំរាបជូនអំពីការបំរែបំរួលបរិស្ថានជាសកល ដោយឡែកតាមរបាយការណ៍របស់លោកអភិបាលខេត្ត នៅកំពង់ធំយើងបានកើតឡើងការកង្វះខាតទឹកប្រើប្រាស់នៅតាមតំបន់មួយចំនួន បញ្ហានេះអជ្ញាធរខេត្តកំពុងមានវិធានការដោះស្រាយ និងឯកឧត្តមបណ្ឌិត បានជំរុញអោយអជ្ញាធរគ្រប់ជាន់ថ្នាក់ ក្រុមការងារត្រូវរួមគ្នាដោះស្រាយបញ្ហាជូនប្រជាជនអោយបាន ដោយត្រូវកំណត់កន្លែងណាជាអទិភាពបន្តបន្ទាប់។
រំលឹកពីរបបប្រល័យពូជសាសន៍កម្ពុជាប្រជាធិតេយ្យ ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍បញ្ជាក់ថាក្រោយទទួលបានជ័យជម្នះនាថ្ងៃ១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានដាក់ចេញនូវគោលការណ៍៨ ចំណុចដើម្បីអនុវត្ត គឺទីមួយ ត្រូវជន្លៀសប្រជាជនចេញពីទីក្រុងទីប្រជុំជនទៅទីជនបទ ទីពីរ បំបាត់ផ្សារ ទីបី បំបាត់រូបិយប័ណ្ណ ទីបួន បង្កើតផ្ទះបាយហូបរួម និងធ្វើជាតូបនីយកម្មទូទាំងប្រទេស ទីប្រាំ លប់បំបាត់វត្តអារាម ទីប្រាំមួយ លប់បំបាត់វិស័យអប់រំគ្រប់កម្រិត និងមន្ទីរពេទ្យ ទីប្រាំពីរ បញ្ជូនជនជាតិវៀតណាមទៅប្រទេសកំណើតវិញ និងទីប្រាំបី ត្រូវកំទេចទាំងស្រុង KGB និង CIA។
ឯកឧត្តមបណ្ឌិត ក៏បានមានប្រសាសន៍បញ្ជាក់ទៀតថាក្រោយជ័យជម្នះ៧មករា ឆ្នាំ១៩៧៩ មកដល់បចុប្បន្ននេះ គណបក្សប្រជាជនកម្ពុជាបានផ្តល់ជូនប្រទេសជាតិ និងប្រជាជន នូវអំណោយធំៗបួនគឺ: មួយ ជីវិតទីរ ពីរ សិទ្ធិសេរីភាពគ្រប់បែបយ៉ាង បី សន្តិភាពពេញលេញ និងបួន គឺអភិវឌ្ឍប្រទេសលើគ្រប់វិស័យ។
អង្គពិធីបានបញ្ចប់ បន្ទាប់ពី ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អញ្ជើញបំពាក់គ្រឿងឥស្សរិយយស និងមេដៃស្ថាបនាជាតិ ប្រគេនព្រះសង្ឃ មន្ត្រីរាជការ និងសប្បុរសជន និងពិធីប្រគេន ចែកជូនថវិកា និងសំភារៈចំពោះព្រះសង្ឃ លោកតាលោកយាយ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ រួចមក៕