ភ្នំពេញ: សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានទទួលមរណភាព ក្នុងជន្មាយុ ៨៣ វស្សា ដោយជរាពាធ កាលពីរសៀល ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៥ នៅភូមិគ្រឹះរបស់សម្តេច ភូមិគ្រឹះលេខ១២ ផ្លូវលេខ៤៦២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម កើតនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ១៩៣២ នៅភូមិពពែល ឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង។ សម្តេចបានរៀបអាពាហ៍ពិពាហ៍ជាមួយលោកជំទាវ ញ៉ែម សឿន។ សម្តេចមានបុត្រចំនួន៧នាក់ (ស្រី៣នាក់ និងប្រុស៤នាក់) មានដូចជាៈ ១.លោកជា ស័ក្តិ (ស្លាប់)។ ២.លោកស្រី ជា សំអាត ៣.លោកស្រី សំ អេង ៤.លោកស្រី ជាពីន ៥.លោក ជា ធា ៦.លោក ជា ថា និងទី៧.លោក ជា សុមេធី។
បេសកកម្មបម្រើ សង្គ្រោះ និងអភិវឌ្ឍន៍ជាតិមាតុភូមិៈ
ក្នុងចន្លោះឆ្នាំ១៩៥១ ដល់១៩៥៤ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម បានចូលរួមក្នុងចលនាតស៊ូខ្មែរឥស្សរៈ ដើម្បីឯករាជ្យមាតុភូមិកម្ពុជា។ ក្រោយឆ្នាំ១៩៥៤ និងក្នុងចន្លោះ១៩៧០ ដល់១៩៧៥ សម្តេចបានចូលបម្រើក្នុងចលនាតស៊ូស្នេហាជាតិ ហើយបានទទួលតួនាទីជាបន្តបន្ទាប់ ជាប្រធានឃុំ និងជាប្រធានស្រុក។
ក្នុងបេសកកម្មប្រវត្តិសាស្ត្រសង្គ្រោះជាតិ ចន្លោះឆ្នាំ១៩៧៨ ដល់១៩៧៩ បានតួនាទីជាអនុប្រធានរណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា។ ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ដោយចេញដំណើរពីចំណុចសូន្យ ថ្នាក់ដឹកនាំនិងប្រជាជនកម្ពុជា មានកិច្ចការច្រើនអនេកដែលត្រូវពុះពារជំនះក្នុងពេលជាមួយគ្នា ដើម្បីបំបាត់នូវផលលំបាកធ្ងន់ធ្ងរដោយរបបប្រល័យពូជសាសន៍បានបន្សល់ទុក្ខ និងខិតខំរាំងខ្ចប់កុំឲ្យរបបព្រៃផ្សៃនេះវិលត្រឡប់មកវិញបាន។
បន្ទាប់ពីថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩ សម្តេច ជា ស៊ីម បានទទួលតួនាទី ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃសាធារណរដ្ឋប្រជាមានិតកម្ពុជា។ រហូតដល់ឆ្នាំ១៩៨១ ក្នុងរយៈពេល១២ឆ្នាំ សម្តេច ជា ស៊ីម ត្រូវបានជ្រើសតាំង ជាប្រធានរណសិរ្សសាមគ្គី កសាង ការពារ មាតុភូមិកម្ពុជា ជាតំណាងរាស្ត្រមណ្ឌលព្រៃវែង និងជាប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាមានិតកម្ពុជា។
(ប្រភពៈ CEN)