ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងអំណរគុណម្ចាស់ជំនួយ សមាគមសុខាភិបាលខ្មែរនៅសហរដ្ឋអាមេរិក (CHPAA) ផ្តល់នូវសម្ភារៈបរិក្ខារពេទ្យ ដែលជាអំណោយមនុស្សធម៌ របស់អង្គការ លើកកម្ពស់សុខភាពប្រកបដោយចីរភាព (Sustainable Tlcall Empowerment-SII) និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីសហរដ្ឋអាមេរិក ចូលរួមពិនិត្យ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងស្រុកបារាយណ៍ ដោយឥតគិតថ្លៃរយៈពេល ៥ថ្ងៃ ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះតទៅ នៅមន្ទីរពេទ្យបង្អែក បារាយណ៍-សន្ទុក ខេត្តកំពង់ធំ។
ការថ្លែងបែបនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញចូលរួមក្នុងពិធីប្រគល់ទទួលសម្ភារៈបរិក្ខារពេទ្យ នៅមន្ទីរពេទ្យបង្អែក បារាយណ៍-សន្ទុក អមដំណើរដោយឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ លោកស្រី Teri Tan និងលោកស្រី Clark តំណាងអង្គការលើកកម្ពស់សុខភាពប្រកបដោយចីរភាព ព្រមទាំងថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាព ស្រុក និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។
ឯកឧត្តមបន្ថែមទៀតថា សម្ភារៈបរិក្ខាពេទ្យទាំងអស់នេះ ពិតជាបានឆ្លើយតបទៅនឹងតម្រូវការចំាបាច់របស់មន្ទីរបង្អែកដែលកំពុងជួបបញ្ហាលំបាក ខ្វះខាតសម្ភារៈបរិក្ខារ សម្រាប់យកមកពិនិត្យ និងព្យាបាលជំងឺជូនដល់ប្រជាពលរដ្ឋ។
ជាមួយគ្នានោះដែរ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ថ្លែងថា វិស័យសុខាភិបាល ជាវិស័យអាទិភាពដែលរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់យ៉ាងខ្លាំង ហើយក៏ជាវិស័យដែលបម្រើសេចក្តីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋទូទាំងប្រទេសជារៀងរាល់ថ្ងៃ និងបានសំណូមដល់សមាគមសុខាភិបាលខ្មែរនៅសហរដ្ឋអាមេរិក (CHPAA) បន្តជួយផ្តល់នូវសម្ភារៈបរិក្ខារពេទ្យនេះ ដល់មន្ទីរពេទ្យនៅក្នុងខេត្តកំពង់ធំបន្តទៀត។ ទន្ទឹមនោះក្នុងខេត្តកំពង់ធំ មានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិចំនួន ៣ (មន្ទីរពេទ្យខេត្ត ១ មន្ទីរពេទ្យបង្អែកស្រុកចំនួន២) មណ្ឌលសុខភាពចំនួន ៥៣ និងប៉ុស្តិ៍សុខភាពចំនួន៤ មានបុគ្គលិកសរុបចំនួន ៧៤៩ នាក់ ស្រី ៤៤២នាក់ ក្នុងនោះមានវេជ្ជបណ្ឌិតឯកទេស ៥នាក់, វេជ្ជបណ្ឌិត ៦២នាក់, គ្រូពេទ្យមធ្យម ៩នាក់, ឱសថបណ្ឌិត ១នាក់, ឱសថការី ១៤នាក់ ឱសថការីមធ្យម ២នាក់, ទន្តបណ្ឌិត ៩នាក់, ទន្តពេទ្យមធ្យម ១នាក់, អ្នកព្យាបាលដោយចលនា ៥នាក់, បរិញ្ញាបត្រគិលានុប្បដ្ឋាក ៣នាក់, គិលានុប្បដ្ឋាក-យិកាមធ្យម ១៦៧នាក់, គិលានុប្បដ្ឋាកយិកាបថម ១១២នាក់, ឆ្មបមធ្យម ១៤០នាក់, ឆ្មបបថម ៩៦នាក់, អ្នកមន្ទីរពិសោធន៍មធ្យម២៣នាក់, ទន្តគិលានុប្បដ្ឋាកមធ្យម ៨នាក់, អ្នកវិទ្យាសាស្ត្រ ៣នាក់, អ្នកបើកបរ ៧នាក់, បុគ្គលិកជំនាញផ្សេងៗ ៣០នាក់, និងបុគ្គលិកគ្មានបច្ចេកទេស ៥៩នាក់ ដើម្បីត្រៀមបម្រើសេវាសុខភាពជូនដល់ប្រជាពលរដ្ឋទូទាំងខេត្តកំពង់ធំ។
លោកស្រី Teri Tan និងលោកស្រី Clark មានប្រសាសន៍ស្រដៀងគ្នាលើកឡើងថា លោកស្រីពិតជាមានការសប្បាយចិត្តខ្លំាងណាស់ ដែលបានមក និងរស់នៅក្នុងប្រទេសកម្ពុជា ស្រលាញ់ប្រជាជនកម្ពុជា ហើយលោកស្រីខិតខំកៀរគរជំនួយ ទាំងផ្នែកសម្ភារៈបច្ចេកទេស ថវិកា និងសម្ភារៈប្រើប្រាស់ចាំបាច់ផ្សេងៗ ជូនដល់ប្រជាពលរដ្ឋទីទាល់ក្រ ក៏ដូចជាប្រជាពលរដ្ឋដែលរងគ្រោះ ដោយគ្រោះមហន្តរាយផ្សេងៗ ដើម្បីដោះស្រាយបន្ទុកជូនពួកគាត់បានមួយកម្រិតផងដែរ។
ជាចុងក្រោយលោកស្រី Teri Tan និងលោកស្រី Clark ក៏បានផ្តល់សម្ភារៈបរិក្ខាពេទ្យ ជូនលោកគ្រូ អ្នកគ្រូពេទ្យ និងថតរូបទុកជាអនុស្សាវរីយ៍ផងដែរ៕