នារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងពិធីចែកអំណោយមនុស្សធម៌រួមមានគ្រឿងឧបភោគបរិភោគ សម្ភារៈមួយចំនួនរបស់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ធំ ចែកជូនដល់បង ប្អូនប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះដែលជួបការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ចំនួន ១៥០គ្រួសាររស់នៅឃុំនីពេជ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម ងួន រតនៈ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរ សុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តីដែលជានិច្ចកាល សម្ដេចតែងតែបានគិតគូរ យកចិត្តទុកដាក់អំពីសុខមាលភាព ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅគ្រប់ទិសទីទូទាំងប្រទេស ដោយមិនប្រកាន់ពូជសាសន៍ និង និន្នាការនយោបាយឡើយ។ ឯកឧត្តមបន្តថាថ្វីត្បិតតែអំណោយមនុស្សធម៌ដែល បាននាំយកមក ចែកជូនបងប្អូននាពេលនេះ មានចំនួនតិចតួចក្ដី មិនសមល្មមនឹងការខាតបង់របស់បងប្អូន ក៏ពិតមែន តែក៏អាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយកម្រិតដែរ ។ ឯកឧត្តមបានបន្ថែមថាប្រមុខរាជរដ្ឋាភិបាលបានផ្តល់អំណោយតាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទាខេត្ត ដើម្បីជួយដល់គ្រួរសារ ងាយរងគ្រោះ នៃគម្រោងសុខមាលភាពសង្គម សម្រាប់ជួយ ដល់ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំ ដល់គ្រួសារចាស់ជរា ជួបការលំបាក ស្រ្តីមេម៉ាយ ជនពិការ អំណោយដែលបានផ្តល់ជូននាពេលនេះមានចំនួន១៥០គ្រួសារក្នុងមួយគ្រួសារៗទទួលបាន អង្ករ ត្រីខ ទឹកត្រី និងសម្ភារៈមួយចំនួនផងដែរ។
ជាមួយគ្នានេះដែរឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់អាជ្ញាធរត្រូវបង្កើនសកម្មភាពបន្ថែមទៀតក្នុងការចុះអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩ ដល់ប្រជាពលរដ្ឋរបស់ខ្លួនអោយបានញឹកញាប់បំផុត និងសូមបងប្អូនទៅទទួលការចាក់វ៉ាក់សាំង ដុសមូលដ្ឋាន ព្រមទាំងដុសទី៣ ទី៤ ទី៥ អោយបានគ្រប់គ្នា។
ចុងក្រោយនេះឯកឧត្តម ងួន រតនៈ ក៏បានចែកអំណោយទាំងនោះជូនដល់ពួកគាត់ ហើយក៏បានផ្តាំផ្ញើអោយបងប្អូនប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្នខ្ពស់មានអនាម័យចេះថែរក្សាសុខភាពជាចម្បង ហូបស្អាត រស់នៅស្អាត ហើយបន្តរក្សាគម្លាតឆ្ងាយពីគ្នា ដោយអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការនានារបស់ក្រសួងសុខាភិបាល ពិសេសវិធានការរបស់រាជរដ្ឋាភិបាល ៣ការពារ និង៣កុំ និងចូលរួមគោរពច្បាប់ និង រួមគ្នាថែរក្សាសុខសន្តិភាពអោយនៅគង់វង្ស ៕