ឯកឧត្តម ងួន រតនៈ អញ្ជើញជួបសំណេះសំណាលជាមួយភ្នាក់ងារសង្កេតការណ៍របស់គណបក្សប្រជាជនកម្ពុជា ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ


ឯកឧត្តម ងួន រតនៈ ជួបសំណេះសំណាលជាមួយភ្នាក់ងារសង្កេតការណ៍របស់គណបក្សប្រជាជនកម្ពុជា ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ

(កំពង់ធំ)÷ ឯកឧត្តម ងួន រតនៈ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយក្រុងស្ទឹងសែន បានជំរុញដល់ភ្នាក់ងារគណបក្សត្រូវចូលរួមជាមួយក្រុមការងារគណបក្សចុះតាមភូមិ និងក្រុមឃោសនិក ដោយមានបញ្ជីឈ្មោះអ្នកបោះឆ្នោតកាន់ទៅជាមួយ ក្នុងការចុះជួបសមាជិកបក្សម្នាក់ៗ និងតាមខ្នងផ្ទះគ្រួសារបក្ស ដើម្បីពិនិត្យ ផ្ទៀងផ្ទាត់ និងកត់សម្គាល់ឈ្មោះ និងរូបថតលើបញ្ជីបោះឆ្នោតជាមួយរូបពិតរបស់សាមីខ្លួន។

ពិធីសំណេះសំណាលជាមួយភ្នាក់ងារសង្កេតការណ៍គណបក្ស នៅរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម ងួន រតនៈ បានថ្លែងថា សម្រាប់ភ្នាក់ងារសង្កេតការណ៍របស់គណបក្សប្រជាជនកម្ពុជា ពេញសិទ្ឋិ ចំនួន ៩០នាក់ ភ្នាក់ងារបម្រុង ចំនួន ៩០នាក់ និងចំនួនការិយាល័យបោះឆ្នោតមានចំនួន ៩០ការិយារិយាល័យ ក្នុងសង្កាត់ទាំង០៨ ស្ថិតក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ឯកឧត្តម ងួន រតនៈ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ បានលើកឡើងថាសម្រាប់មុនថ្ងៃបោះឆ្នោត ភ្នាក់ងារសង្កេតការណ៍ ត្រៀមសម្ភារៈប៊ិច សៀវភៅ ប័ណ្ណសម្គាល់ភ្នាក់ងារ ព្រមទាំងឯកសារសម្រាប់បោះឆ្នោត (អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណសម្រាប់បម្រើឱ្យការបោះឆ្នោត) និងបញ្ជី ឈ្មោះអ្នកបោះឆ្នោត(ដែលបានធិក ឬគូសសម្គាល់ហាយឡាយសម្គាល់លើឈ្មោះសមាជិកបក្សយើង)។ សម្រាប់ថ្ងៃបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ភ្នាក់ងារទាំង ០២រូប ត្រូវទៅដល់ការិយាល័យបោះឆ្នោតមុនម៉ោង ០៦:០០ព្រឹក សង្កេតមើលប្រជាពលរដ្ឋដែលមកបោះឆ្នោត ថាតើមានឯកសារមានលក្ខខណ្ឌគ្រប់គ្រាន់ និងមានឈ្មោះក្នុងជីបោះឆ្នោតឬទេ មុនពេលអនុញ្ញាតឱ្យបោះឆ្នោត។

ឯកឧត្តមប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយក្រុងស្ទឹងសែន បានបន្តទៀតថាសម្រាប់ភ្នាក់ងារបម្រុងនៅខាងក្រៅការិយាល័យបោះឆ្នោតអាចចល័តទីតាំងបាន និងជំនួសភ្នាក់ងារពេញសិទ្ធិនៅពេលមានការផ្លាស់ប្ដូរ និងមានសិទ្ធិប្រើទូរស័ព្ទ។ ពេលរាប់សន្លឹកឆ្នោតការិយាល័យបោះឆ្នោត ក្លាយជាការិយាល័យរាប់សន្លឹកឆ្នោតនៅម៉ោង៣:០០រសៀល ឬមុនម៉ោង៣:០០ រសៀល ករណីអ្នកបោះឆ្នោតបានមកបោះឆ្នោតអស់នៅក្នុងបញ្ជីបោះឆ្នោត ឬអាចបិទការិយាល័យបោះឆ្នោតក្រោយម៉ោង៣:០០រសៀល ករណីអ្នកបោះឆ្នោតនៅក្នុងការិយាល័យឬនៅក្នុងជួរ ឬបានចូលក្នុងទីតាំង ការិយាល័យបោះឆ្នោតមុនពេលបិទច្រកចូលតែមិនទាន់បានបោះឆ្នោត)។

ឯកឧត្តម ងួន រតនៈ បានលើកទឹកចិត្តដល់ភ្នាក់ងារសង្កេតការណ៍ទាំងអស់ត្រូវខិតខំបំពេញតួនាទីរបស់ខ្លួនឱ្យបានល្អនៅថ្ងៃបោះឆ្នោតខាងមុខនោះ ប្រកបដោយភាពត្រឹមត្រូវ និងយុត្តិធម៌៌។