អភិបាលខេត្តកំពង់ធំ ចុះសួរសុខទុក្ខអ្នកជំងឺ ដែលកំពុងទទួលសេវាព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្ត


ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាល​ខេត្ត​កំពង់ធំ​ ​និង​ក្រុម​ការងារ​ ​អញ្ជើញ​ចុះ​សួរសុខទុក្ខ​អ្នកជំងឺ​ ​ចំនួន​ ​១​២​៥​នាក់​ ​ដែល​កំពុង​សម្រាក​ទទួល​សេវា​សុខាភិបាល​ ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពង់ធំ​ ​នា​ព្រឹក​ថ្ងៃ​ទី​១​១​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​៣​នេះ​ ​។​

​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​កោតសរសើរ​ដល់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ ​ដែល​រៀបចំ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ ​មាន​រៀប​រៀបរយ​ ​មាន​អនាម័យ​ ​ផ្ដល់​បរិយាយ​ល្អ​សម្រាប់​អ្នកជំងឺ​ ​អាគារ​ទាំងអស់​ត្រូវ​បាន​ជួសជុល​កែ​លម្អ​ ​ហើយ​បណ្ដាញ​ការ​ផ្តល់​សេវា​សុខាភិបាល​ប្រចាំថ្ងៃ​ ​ទៅតាម​មុខសញ្ញា​វេជ្ជសាស្ត្រ​ ​មាន​រហូតដល់​ទៅ​ ​២​៣​ផ្នែក​។​

​ឯកឧត្តម​បន្ត​ថា​ ​នេះ​ជា​ការ​យកចិត្តទុកដាក់​របស់​មន្ត្រី​សុខាភិបាល​ ​តាម​ការ​ចង្អុលបង្ហាញ​របស់​ ​ប្រមុខ​រាជរដ្ឋាភិបាល​ ​ដោយ​ត្រូវ​ពង្រឹង​ការ​ផ្តល់​សេវា​សាធារណៈ​ ​ជាពិសេស​សេវា​សុខភាព​ ​គឺ​ត្រូវតែ​លើក​ក​ម្ពស់​និង​បន្ត​ការ​យកចិត្តទុកដាក់​។​

​ឯកឧត្តម​បន្ថែម​ថា​ ​បច្ចុប្បន្ន​អាកាសធាតុ​បរិយាកាស​មានការ​ប្រែប្រួល​ ​បណ្ដាល​អោយ​កើតមាន​នូវ​ជំងឺ​ ​ថ្មីៗ​ជាបន្តបន្ទាប់​ ​ជាពិសេស​ ​ថ្មីៗ​នេះ​ ​ប្រភេទ​ជំងឺ​ ហ្ស៊ី​កា​ ​ដែល​ជា​ជំងឺ​កាច​សាហាវ​ប្រភេទ​ថ្មី​ ​បាន​ឆ្លង​ចូល​មក​ក្នុង​ខេត្ត​កំពង់ធំ​របស់យើង​ ​០​១​ករណី​ផង​ដែរ​កាលពី​ថ្មីៗ​នេះ​។​

​ដើម្បី​ជៀសវាង​ពី​ការ​ឆ្លង​ជំងឺ​ ​ឯកឧត្តម​ ​អភិបាល​ខេត្ត​កំពង់ធំ​ ​បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ ​ត្រូវ​បន្ថែម​ការយល់​ដឹង​ពី​ប្រភេទ​ជំងឺ​នីមួយៗ​ ​ត្រូវ​មានការ​ការពារ​ប្រុងប្រយ័ត្ន​ ​និង​ត្រូវ​ថែរក្សា​សុខភាព​ ​មាន​អនាម័យ​ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ​។​

​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​ណែនាំ​ដល់​ម​ន្រ្ដី​សុខាភិបាល​ទាំងអស់​ ​ត្រូវ​បន្ត​ការ​យកចិត្តទុកដាក់​ព្យាបាល​ថែទាំ​អ្នកជំងឺ​ ​និង​ជូនពរ​ដល់​អ្នកជំងឺ​ទាំងអស់​ឆាប់​ជាសះស្បើយ​ ​ដើម្បី​បាន​ជួបជុំ​ក្រុម​គ្រួសារ​ ​នា​ឱកាស​ពិធីបុណ្យ​ភ្ជុំ​បិណ្យ​នេះ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​អ្នកជំងឺ​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​នា​ពេលនេះ​ ​ទទួល​បាន​ការឧបត្ថម្ភ​នូវ​ឃី​ត​ម្នាក់​១​កញ្ចប់​ ​ក្នុង​នោះ​រួម​មាន​ ​ទឹកដោះគោ​ ​មី​ ​ត្រីខ​ ស្ក​សរ​ ​និង​ថវិកា​មួយ​ចំនួន​ផង​ដែរ​។​