ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំចុះពង្រឹងការងារគណបក្សនៅស្រុកស្ទោង
ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ចុះពង្រឹងការងារគណបក្សនៅស្រុកស្ទោង ដោយមានការចូលរួមពី ប្រធាន អនុប្រធានក្រុមការងារចុះជួយឃុំ ប្រធាន អនុប្រធាន គណៈកម្មាធិការគណបក្សឃុំ និងប្រធាន អនុប្រធាន សាខាគណបក្សភូមិគ្រប់ភូមិ នៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧។
ក្នុងពិធីសំណេះសំណាលនោះ ឯកឧត្តម សុខ លូ បានបញ្ជាក់ថា “គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា គឺ មតិភាគតិច ត្រូវគោរពមតិភាគច្រើន សមាជិកម្នាក់ៗ ត្រូវគោរពអង្គការចាត់តំាង ថ្នាក់ក្រោមត្រូវគោរពថ្នាក់លើ សមូហភាពដឹកនាំ តែបុគ្គលជាអ្នកទទួលខុសត្រូវ” ដូច្នេះប្រធានគណបក្ស និងក្រុមការងារចុះជួយគណបក្សស្រុក ត្រូវធ្វើការបែងចែកតួនាទី ភារកិច្ច ត្រូវប្តេជ្ញារួមគ្នា ដើម្បីចុះធ្វើបច្ចុប្បន្នភាព នៅតាមមូលដ្ឋាន ឲ្យដល់ខ្នងផ្ទះរបស់ប្រជាពលរដ្ឋ ដែលជាសមាជិករបស់គណបក្ស ដើម្បីសាកសួរសុខទុក្ខ និងស្តាប់សំណូមពររបស់ពួកគាត់ ក្នុងការដំណោះស្រាយជូនពួកគាត់ឲ្យបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធិភាព និងការទទួលខុសត្រូវខ្ពស់ ជាពិសេស សូមលោកប្រធានគណបក្ស ត្រូវជំរុញសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ។ សូមឲ្យសមាជិកគណបក្សប្រជាជនម្នាក់ ក្លាយជាសន្លឹកឆ្នោតមួយសន្លឹកពិតប្រាកដ និងសូមជួយពន្យល់ដល់បងប្អូនប្រជាពលរដ្ឋរបស់នៅតាមខ្នងផ្ទះ រាប់ទាំងសាច់ញាតិរបស់ខ្លួនផងដែរ ឲ្យពួកគាត់នាំគ្នាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា បើគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត គឺដើម្បីថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍនេះ អោយបានយូរអង្វែងតទៅទៀត សម្រាប់អនាគតកូនចៅយើង៕