ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការគណបក្សខេត្ត ថ្លែងថា ប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត សូមអញ្ជើញទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ឲ្យបានគ្រប់ៗគ្នា ព្រោះសន្លឹកឆ្នោតរបស់បងប្អូនមួយសន្លឹក មានតម្លៃខ្ពស់ណាស់ សម្រាប់ជ្រើសរើសថ្នាក់ដឹកនាំណាដែលបងប្អូនពេញចិត្ត ក្នុងការដឹកនាំប្រទេសជាតិ ឲ្យមានសុខសន្តិភាព និងការអភិវឌ្ឍ។
ឯកឧត្តម បានថ្លែងយ៉ាងដូច្នេះ ក្នុងពិធីសំណេះសំណាលជាមួយមេគ្រួសារនៅសង្កាត់ស្រយ៉ូវ ប្រមាណជាង ៣ពាន់នាក់ ដែលជាសង្កាត់ចុងក្រោយនៃក្រុងស្ទឹងសែន នាព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨។
ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានមានមតិសំណេះសំណាល និងបាននាំនូវការផ្តាំផ្ញើ នឹករលឹករបស់សម្តេចតេជោ ហ៊ុន សែន ចំពោះបងប្អូនប្រជាពលរដ្ឋនៅសង្កាត់ស្រយ៉ូវ ក៏ដូចជាទូទាំងខេត្តផងដែរ និងថ្លែងអំណរគុណ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបន្ដគាំទ្រគណបក្សប្រជាជន ។
ឯកឧត្តម បានគូសបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន មានគោលនយោបាយ និងយុទ្ធសាស្រ្តច្បាស់លាស់ ជាច្រើនអាណត្តិកន្លងមក បានដឹកនាំប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍ ដោយចាប់ផ្តើមកសាងពីបាតដៃទទេគំនរផេះផង់ បន្សល់ពីរបប ប៉ុល ពត មករុងរឿងដូចសព្វថ្ងៃ ពិសេសអាណត្តិទី៥នេះ ហេដ្ឋារចនាសម្ព័ន្ធមាន៖ ផ្លូវ ថ្នល់ ស្ពាន មន្ទីរពេទ្យ សាលារៀន សាលាសង្កាត់ មានកាន់តែច្រើន កាន់តែទំនើប និងនៅជិតមូលដ្ឋានរបស់បងប្អូនទៀតផង។
បន្ថែមពីនេះទៀត ឯកឧត្តម ក៏បានសូមការអភ័យទោសពីការខ្វះខាត របស់មន្ត្រីរាជការនៅមូលដ្ឋាន ដែលបម្រើសេវាជូនប្រជាពលរដ្ឋ មិនបានល្អ និងរាល់អំពើឆ្គាំឆ្គងទាំងឡាយទាំងចេតនាក្តី អចេតនាក្តី ព្រមទាំងបានណែនាំមន្ត្រីឲ្យចុះជាប់ ជាមួយមូលដ្ឋាន ខិតខំបម្រើប្រជាពលរដ្ឋឲ្យបានល្អ និងទាន់ពេលវេលា។
ចុងបញ្ចប់ ឯកឧត្តម បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សា សន្តិភាព ស្ថេរភាពនយោបាយ ព្រោះសន្តិភាពនេះ មានតម្លៃណាស់ បើគ្មានសន្តិភាព គឺមិនមានការអភិវឌ្ឍនោះឡើយ និងសូមបងប្អូនថែរក្សាសុខភាពឲ្យបានល្អ និងត្រៀមឯកសារឲ្យបានគ្រប់គ្រាន់ ដើម្បីត្រៀមលក្ខណៈចូលរួមបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា និងជួយពន្យល់ដល់បងប្អូនប្រជាពលរដ្ឋរបស់នៅតាមខ្នងផ្ទះ រាប់ទាំងសាច់ញាតិរបស់ខ្លួនផងដែរ ឲ្យបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី២០ ដោយមិនត្រូវជឿតាមការញុះញង់របស់បុគ្គលមួយចំនួននោះឡើយ ដែលឃោសនាមិនឲ្យបងប្អូនទៅបោះឆ្នោត។