អបអរសាទរ ចំពោះការមកដល់នៃវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ប្រភេទអាស្រ្តាហ្សេនេកា ដែលជាជំនួយរបស់រាជរដ្ឋាភិបាលអង់គ្លេស


តាមរយៈយន្តការនានា ទាំងទ្វេភាគី និងពហុភាគី ព្រះរាជាណាចក្រកម្ពុជាបានទទួលជំនួយវ៉ាក់សាំងជាបន្តបន្ទាប់ពីបណ្តាមិត្តភក្តិបរទេស។ ជាក់ស្តែង ចក្រភពអង់គ្លេសគឺជាប្រទេសទី៤ហើយ បន្ទាប់ពីចិន ជប៉ុន និងអាមេរិកដែលបានផ្តល់វ៉ាក់សាំងដល់ព្រះរាជាណាចក្រកម្ពុជា។ បើទោះបីជាវ៉ាក់សាំងត្រូវបានចាត់ទុកជាទំនិញយុទ្ធសាស្រ្តក្នុងបរិបទនៃការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩នៅទូទាំងពិភពលោកក៏ដោយ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោជាប្រមុខ កម្ពុជាអាចរក្សាបាននូវលំហូនៃវ៉ាក់សាំងបានគ្រប់គ្រាន់ដែលបានធ្វើការការងារចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាចអនុវត្តបានជាហូហែ។ រហូតមកដល់ពេលនេះ កម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋប្រមាណជាង៧០%នៃផែនការរួចមកហើយ (យោងទិន្នន័យទទួលបានពីអនុគណៈកម្មការតាមដាន និងវាយតម្លៃនៃគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង កូវីដ ១៩ គ.វ.ក ១៩ គិតត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១)។ ជាងនេះទៅទៀត ថ្មីៗនេះ យន្តការនៃការចាក់វ៉ាក់សាំង បានពង្រីកទៅដល់ការចាក់ឲ្យកុមារ និងយុវវ័យ ដែលមានអាយុចាប់ពី១២ ដល់១៧ ឆ្នាំទៀតផង។