អភិបាលរងខេត្តកំពង់ធំ ជំរុញប្រជាពលរដ្ឋចូលរួមលេងកីឡា ឲ្យបានគ្រប់ៗគ្នាដើម្បីបង្កើនមិត្តភាព សាមគ្គីភាព


ឯកឧត្តម ញ៉ឹក បានខេង អភិបាលរងខេត្តកំពង់ធំ បានជំរុញប្រជាពលរដ្ឋ ចូលរួមលេងកីឡាឲ្យបានគ្រប់ៗគ្នា ដើម្បីបង្កើនមិត្តភាព សាមគ្គីភាព។
ឯកឧត្តម ញឹក បានខេង បានថ្លែងក្នុងកម្មវិធីបិទការប្រកួតកីឡាប៉េតង់ពានរង្វាន់សភាពាណិជ្ជកម្មខេត្ត កំពង់ធំ-ព្រះវិហារ ដើម្បីអបអរសាទរពិធីបុណ្យអ៊ុំទូកក្នុងខេត្តកំពង់ធំ ឆ្នាំ២០២៣ នារាត្រីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣។

ឯកឧត្តម បានថ្លែងអំណរគុណដល់សភាពាណិជ្ជកម្មកម្ពុជាកំពង់ធំ-ព្រះវិហារ ពិសេសឧកញ៉ា ហេង សំណាង ដែលបានឧបត្ថម្ភគាំទ្រ ក្នុងការបង្កើតកម្មវិធីនេះឡើង និងថ្លែងអំណរគុណដល់ក្រុមកីឡាករទាំងអស់ ដែលបានលះបង់កម្លាំងកាយ ថវិកា ដើម្បីបានចូលរួមធ្វើការប្រកួត សូមឲ្យមានសុខភាពល្អនិងបន្តគាំទ្របន្តទៅទៀតដើម្បីឲ្យវិស័យកីឡាមានភាពរីកចម្រើន ។

ឯកឧត្តមបន្តថាបើទោះបីជាពានរង្វាន់នោះ បានប្រាក់ឧបត្ថម្ភតិចតួចក៏ដោយសូមឲ្យមានការចូលរួមទាំងអស់គ្នា ដើម្បីលើកកម្ពស់វិស័យកីឡាឲ្យមានភាពរីកចម្រើនហើយសង្ឃឹមថា បងប្អូនកីឡាករក៏ដូចជាបងប្អូនប្រជាពលរដ្ឋចូលរួមទាំងអស់គ្នា ចំពោះក្រុមកីឡាករដែលមិនបានទទួលពានរង្វាន់សូមខិតខំបន្ថែមទៀតដើម្បីទទួលយកបទពិសោធន៍ទាំងអស់នេះក្នុងការឈានទៅរកជ័យជំនះនៅពេលក្រោយ។

លោក ស៊ិន សុផាន់ណូ អ្នករៀបចំកម្មវិធីបានបញ្ជាក់ថា ការប្រកួតនេះក្នុងគោលបំណងបំផុសសកម្មភាពកីឡាប៉េតង់នៅតាមរាជធានី-ខេត្តដើម្បីឲ្យប្រជាពលរដ្ឋចូលរួមលេងកីឡាដើម្បីសុខភាព កាយសម្បទាមាំមួន មានឆន្ទៈមោះមុត បង្កើនការជួបជុំគ្នាបង្កបរិយាកាសសប្បាយរីករាយផ្លាស់ប្ដូរបទពិសោធន៍ បង្កើនមិត្តភាព សាមគ្គីភាព ការប្រាស្រ័យទាក់ទងគ្នា
ឱ្យកាន់តែស្អិតរមួតរវាងខេត្តមួយទៅខេត្តមួយ និងក្នុងតំបន់ដើម្បីចេះរួមរស់ជាមួយគ្នាយ៉ាងល្អប្រសើរ នៅក្នុងសង្គមជាតិឲ្យស្របទៅនឹងប្រមុខរដ្ឋាភិបាលបានអំពាវនាវដល់មនុស្សម្នាក់ឲ្យមានកីឡាមួយយ៉ាងតិច ។

លោកបានបន្តថាការប្រកួតកីឡាប៉េតង់នេះគឺរៀបចំដោយសភាពាណិជ្ជកម្មខេត្ត កំពង់ធំ -ព្រះវិហារ ដោយប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ខែតុលា ឆ្នាំ ២០២៣ ក្រោមគំនិតផ្តួចផ្ដើមពីឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ។

គួរបញ្ជាក់ថាកីឡាករ ដែលចូលរួមប្រកួតមានតែមួយវិញ្ញាសារ ៣នាក់ ទល់ ៣នាក់ បំរុង ២នាក់ ដោយមិនកំណត់ភេទ អាយុ ដែលកីឡាករមកពី រាជធានីភ្នំពេញ ខេត្តព្រៃវែង ខេត្តកំពង់ចាម ខេត្តព្រះវិហារ ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ និងខេត្តកំពង់ធំ មាន ចំនួន២៧ក្លឹប -ចំនួន ៤១ក្រុម កីឡាករ ១៦០នាក់ ជាលទ្ធផលការប្រកួតរយៈពេលមួយថ្ងៃពេញគឺ ៖
– ចំណាត់ថ្នាក់លេខ១ បានទៅលើក្លឹប អធិការដ្ឋានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
– ចំណាត់ថ្នាក់លេខ២ បានទៅលើក្លឹប អាចារ្យលាក់៣
– ចំណាត់ថ្នាក់លេខ៣ បានទៅលើក្លឹប ដំរីជាន់ខ្លា និង ក្លឹបនាគខៀវសុខាភិបាល