ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានអញ្ជើញជាអធិបតីពិធីសំណេះសំណាលសួរសុខទុក្ខ និងនាំយកនូវថវិកា ស្បៀងអាហារ និងសម្ភារៈ ឧបត្ថម្ភដល់កីឡាករអុំទូក របស់ខេត្តកំពង់ធំ


តបតាមការអញ្ជើញ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាល ចុះជួយខេត្តកំពង់ធំ ព្រឹកថ្ងៃអង្គារ ១៣កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ បានអញ្ជើញជាអធិបតីពិធីសំណេះសំណាលសួរសុខទុក្ខ និងនាំយកនូវថវិកា ស្បៀងអាហារ និងសម្ភារៈ ឧបត្ថម្ភដល់កីឡាករអុំទូក របស់ខេត្តកំពង់ធំ ក្នុងនោះមានទូកពិសេសចំនួន២របស់ ឯកឧត្តមបណ្ឌិត គឺទូកងឈ្មោះ តេជោសែនជ័យ និង សែនសិរីមានជ័យ ក្នុងការមកចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ នៅរាជធានីភ្នំពេញ នៅថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ។ ពិធីសំណេះសំណាល បានរៀបចំនៅក្នុងមណ្ឌល២ តំបន់អភិវឌ្ឍន៍ជ្រោយចង្វារ និងក្នុងបរិវេណ វិទ្យាល័យជាសុីមជ្រោយចង្វារ សង្កាត់ជ្រោយចង្វារ ខ័ណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។
ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណបក្សខេត្តកំពង់ធំ បានអញ្ជើញអានសុន្ទរកថាស្វាគមន៍ ក្នុងនោះបានបញ្ជាក់ថា ក្នុងឆ្នាំ២០១៨នេះ រដ្ឋបាលខេត្តបាន ដឹកនាំទូកមកចូលរួមសរុប១០ទូក (ទូកវែងមានចំនួន៦ទូក ទូកមួងបុរសចំនួន២ទូក ទូកខ្នាតអន្តរជាតិចំនួន២ទូក) កម្លាំងអុំសរុបចំនួន៦៨៨នាក់ កម្លាំងអុំពិត៥៥៩នាក់ និងកម្លាំងត្រៀមចំនួន ១២៩នាក់ ។
ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានអញ្ជើញមានប្រសាសន៍សំណេះសំណាលក្នុងអង្គពិធី ដោយបានបញ្ជាក់ជូនអំពីប្រវត្តិនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលបានកើតមានតាំងពីបុរាណកាលរៀងមក ។
ឯកឧត្តមបណ្ឌិត ក៏បានមានប្រសាសន៍ផ្តាំផ្ញើដល់ថ្នាក់ដឹកនាំខេត្តកំពង់ធំ និងកីឡាករអុំ ទូកទាំងអស់ ត្រូវធ្វើការប្តេជ្ញាចិត្តនាំយកជ័យជំនះ និងកិត្តិយសជូនខេត្តឱ្យបាន ដូច្នេះគឺយើងត្រូវ គោរពវិន័យ រក្សាសុខភាព និងសាមគ្គីភាពគ្នា ឱ្យបានល្អ ៕