ពិធីបញ្ចូលសមាជិកថ្មីចំនួន ៤ រូប នៅស្នាក់ការគណបក្សខេត្ត


ហេតុអ្វីបានជាយើងស្រឡាញ់គណបក្សប្រជាជនកម្ពុជា? បើយើងប្រៀបធៀបទៅការស្រឡាញ់មនុស្សវាដូចគ្នា មុនស្រឡាញ់នរណាម្នាក់ មិនមែនគ្រាន់តែស្តាប់សម្តី ឬមើលតែរូបរាងនោះទេ តែត្រូវមើលទៅដល់ពូជពង្ស សន្តាន របស់គេបានយើងសម្រេចចិត្តមិនងាយខុស។ ដូចគ្នានេះដែរគណបក្សប្រជាជនកម្ពុជាយើង មានប្រវត្តិយូរយារមកតាំងពីនៅក្នុងសម័យអាណានិគមនិយមបារាំងមកម្ល៉េះ ចូលរួមចលនាជួយរំដោះប្រទេសជាតិពីនឹមអាណានិគមនិយមបារាំង ក្រោមការរួបរួមកម្លាំងខ្មែរឥស្សរៈ និងព្រះរាជបូជនីយកិច្ចរបស់សម្តេចព្រះមរមរតនកោដិ រហូតកម្ពុជាទទួលបានឯករាជ្យនៅថ្ងៃ ៩ វិច្ឆិកា ១៩៥៣ ។ តាមរយៈអ្នកស្នេហាបក្សប្រជាជនពិតប្រាកដមួយក្រុម បានប្តូរជីវិតសាមគ្គីភាពរំដោះប្រទេសជាតិចេញពីវាលពិឃាត ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ នៅថ្ងៃ ៧ មករា ១៩៧៩ ។ ក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន បានបង្រួបបង្រួមជាតិ ឯកភាពជាតិ និងដឹកនាំប្រទេសជាតិក្រោមម្លប់សន្តិភាពរយៈពេល ២០ ឆ្នាំ នេះ មានការអភិវឌ្ឍរីកដូចផ្សិត។ ដូច្នេះហើយបានជាយើងស្រឡាញ់គណបក្សប្រជាជនកម្ពុជា និងប្រមូលកម្លាំងពូនជ្រោងជួយដល់ប្រទេសជាតិរបស់យើង។ ខាងលើនេះជាប្រសាសន៍ឯកឧត្តម លុក សម្បត្តិ សមាជិកអចិន្រ្តៃយ៍នៃគណៈកម្មាធិការគណបក្សខេត្ត ប្រធានគណៈកម្មាធិការសាខាគណបក្សស្នាក់ការគណបក្សខេត្ត នៅក្នុងពិធីបញ្ចូលសមាជិកថ្មី ចំនួន ៤ រូប នៅរសៀលថ្ងៃទី ១៣ កក្កដា ឆ្នាំ ២០១៨ នៅស្នាក់ការគណបក្សខេត្ត។