អភិបាលខេត្តកំពង់ធំ ជំរុញឲ្យមន្ត្រីសុខាភិបាលប្រតិបត្តិក្រុងស្រុក ខិតខំទប់ស្កាត់លុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់


 

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ថ្លែងថា ឱសថក្លែងក្លាយ ឱសថគ្មានគុណភាព ឱសថផុតកំណត់ប្រើប្រាស់ និងសេវាសុខាភិបាលខុសច្បាប់ តែងបង្កឲ្យមានផលវិបាកដល់សុខភាពប្រជាពលរដ្ឋ និងសង្គម ធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ឯកឧត្តមបានថ្លែងយ៉ាងដូច្នេះ នារសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ នៅក្នុងកិច្ចប្រជុំរបស់គណៈកម្មការលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់ ដើម្បីកាត់បន្ថយភាពក្រីក្រ ប្រចាំឆមាសទី១ ឆ្នាំ២០១៨។

ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានកោតសសើរចំពោះលោក-លោកស្រី ប្រធានគណៈកម្មការលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់ និងថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្ត ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ឲ្យសម្រេចបានជោគជ័យនេះ និងបន្តភារកិច្ចជាបន្តទៀត។

បន្ថែមលើនេះ ឯកឧត្តម ក៏បានលើកឡើងផងដែរថា យោងតាមរបាយការណ៍របស់គណៈកម្មការលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់ ដើម្បីកាត់បន្ថយភាពក្រីក្រខេត្តកំពង់ធំ មានសេវាថែទាំងពិគ្រោះព្យាបាល មានចំនួន ៤៣៧កន្លែង ក្នុងនោះ អត់ច្បាប់ មាន ១កន្លែង។ ដូច្នេះ សូមមន្ត្រីសុខាភិបាលក្រុងស្រុក ត្រូវធ្វើការចុះផ្សព្វផ្សាយច្បាប់លិខិតបទដ្ឋាន ប្រកាស សេចក្តីជូនដំណឹង របស់ក្រសួងសុខាភិបាលឲ្យបានញឹកញាប់ រួមគ្នាទប់ស្កាត់ការផ្សព្វផ្សាយផលិតផលខុសច្បាប់ដែលគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាលព្រោះបច្ចុប្បន្ននេះ ប្រជាជនយើងបាន និងកំពុងមកប្រើប្រាស់សេវាសុខាភិបាលសាធារណៈ មានការកើនឡើងជាលំដាប់ ដែលជាកិច្ចការយើងត្រូវយកចិត្តទុកដាក់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត តាមយន្តការវិមជ្ឍការ និងវិសហវិមជ្ឍការ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕