(ខេត្តកំពង់ធំ)៖ ឯកឧត្តមបណ្ឌិត ជា ចាន់តូ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ អមដំណើរដោយឯកឧត្តម ងួន រតនៈ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ និងថ្នាក់ដឹកនាំជាច្រើនផ្សេងទៀត អញ្ជើញជាអធិបតីក្នុងពិធីបិទយុទ្ធនាកាដង្ហែរក្បួនរឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ដែលជាថ្ងៃចុងក្រោយ ធ្វើឡើងនៅគ្រប់ឃុំ–សង្កាត់ទាំង ៨១ ទូទាំងខេត្ត ដោយចេញដំណើរពីទីរួមខេត្តកំពង់ធំ ឆ្ពោះទៅកាន់ទីតាំងផ្សេងៗ ក្នុងគោលបំណងដើម្បីស្វែងរកសម្លេងឆ្នោត ដែលមានសមាជិក និងអ្នកគាំទ្រចូលរួមប្រមាណជាង ១ម៉ឺននាក់ នាព្រឹកថ្ងៃទី ៣ ខែមិថុនា ឆ្នាំ២០២២ នេះ។
ឯកឧត្តមបណ្ឌិត ជា ចាន់តូ មានប្រសាសន៍ថា ថ្ងៃនេះ ជាថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ–សង្កាត់ បន្ទាប់ពីបានព្រឹត្តទៅអស់រយៈពេល ១៤ថ្ងៃ កន្លងទៅ។ ក្នុងអំឡុងពេលនៃយុទ្ធនាការរយៈពេល ១៤ថ្ងៃ កន្លងមកនេះ គណបក្សប្រជាជនកម្ពុជារបស់យើង ដែលជាគណបក្សធំជាងគេនៅកម្ពុជា បានធ្វើយុទ្ធនាការឃោសនាតាមគ្រប់រូបភាព និងសម្បូរបែប ដើម្បីបង្ហាញពីគោលនយោបាយរបស់គណបក្ស និងទិសដៅនៃគោលនយោបាយអភិវឌ្ឍន៍ឃុំ សង្កាត់ ប្រកបដោយសេចក្តីថ្លៃថ្នូរតាមគោលការណ៍ណែនាំរបស់គណបក្សរបស់យើង។
ជាមួយគ្នានោះដែរ ឯកឧត្តមបណ្ឌិត ជា ចាន់តូ បានថ្លែងអំណរគុណ ដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ និងប្រជាជនគ្រប់រូប ដែលបានជឿជាក់មកលើគណបក្សប្រជាជនកម្ពុជា ជារៀងរហូតមក និងបានចូលរួមក្នុងយុទ្ធនាការនាព្រឹកនេះ។ លើសពីនេះទៀត ឯកឧត្តមបណ្ឌិត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលគ្រប់អាយុបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ជាពិសេសសមាជិក និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា សូមអញ្ជើញទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ហើយសមាជិកម្នាក់ បោះឆ្នោតជូនគណបក្សជនកម្ពុជាមួយសន្លឹក ដែលមានរូបសញ្ញាទេវតាបាចផ្កា ដើម្បីគាំទ្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រជាគណបក្សប្រជាជនកម្ពុជា មានឱកាសដឹកនាំប្រទេសជាតិបន្តទៀត ជាពិសេសរក្សាបានសុខសន្តិភាព ស្ថេរភាពនយោបាយ ធ្វើឲ្យប្រទេសជាតិមានការរីកចម្រើន។