ឯកឧត្តម អ៊ុត សំអន អភិបាលនៃគណៈអភិបាលខេត្ត ក្នុងពិធីចែកកូនឈើនៅស្រុកបារាយណ៍


អាជ្ញាធរខេត្ត រៀបចំឡើងដោយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ បានធ្វើពិធីចែកកូនឈើដល់ប្រជាពលរដ្ឋជាង ៣០ គ្រូសារមកពីឃុំចំនួន ៤ នៅក្នុងស្រុកបារាយណ៏ គឺឃុំចុងដូង ឃុំបឹង ឃុំឈូកខ្សាច់ និងឃុំបារាយណ៏ ក្រោមវត្តមានរបស់ឯកឧត្តម អ៊ុត សំអន អភិបាលនៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពីសិស្សានុសិស្ស លោកគ្រូ និងមន្ទីរជុំវិញខេត្ត។
លោក សុទ្ធ ម៉ារី នាយផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម បានបញ្ជាក់ថា កូនឈើដែលត្រូវចែកជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងថ្ងៃនេះមានចំនួន សរុប ៩១,០៧១ ដើម ដែលផ្នែករដ្ឋបាលព្រៃឈើបានបណ្តុះនៅថ្នាលបណ្តុះកូនឈើ សម្តេច ហ៊ុន សែន នៅភូមិទួលដំណាក់ ឃុំចុងដូង ស្រុកបារាយណ៍។ ក្នុងនោះមានឈើរយៈពេលវែង និងឈើរយៈពេលខ្លី និងឈើហូបផ្លែ។
កូនឈើរយៈពេលវែងមានដូចជា បេង ធ្នង់ គគីរ នាងនួន ក្រញូង ឈើទាល កកោះ និងផ្តៀក។ ចំណែកឈើមានរយៈពេលខ្លី មានដូចជាអាកាស្យា លឿងរាជ ត្របែកព្រៃ។ ចំណែកកូនឈើហូបផ្លែមានដើមទឹកដោះ ដូង ខ្នុរ មានស្វាយ ម្រុំ និងអំពិលផ្អែម ដែលបានបណ្តុះលើផ្ទៃដី ១,៣១៥ ហិកតា ចែកឲ្យប្រជាពលរដ្ឋយកទៅដាំដីសាធារណៈ ទីវត្តអារាម សាលារៀន និងលំនៅដ្ឋាន។
នៅក្នុងពិធីចែកកូនឈើនោះដែរ ឯកឧត្តម អ៊ុត សំអន អភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យចូលរួមដាំដើមឈើ ព្រោះដើមឈើមានអត្ថប្រយោជន៏សំខាន់ខ្លាំងណាស់
ព្រោះព្រៃឈើជាប្រភពអាហារ និងជាថ្នាំសង្កូវ សម្រាប់មនុស្ស! ព្រៃឈើ គឺជាសរសៃឈាម នៃវិស័យសេដ្ឋកិច្ច! ព្រៃឈើអាចកាត់បន្ថយបម្រែបម្រូលអាកាសធាតុ! ដូច្នេះបងប្អូនមិនត្រូវនាំគ្នាចូលទៅកាប់ព្រៃឈើ ដែលច្បាប់ហាមឃាត់នោះទេ ដូចជាព្រៃឡង់ ព្រៃអង់តែន ព្រៃបម្រុង ជាពិសេសអ្នកដែលបានធ្វើសកម្មភាពកាប់ទន្រ្ទានព្រៃ យកដីមកធ្វើជាកម្មសិទ្ធរបស់ខ្លួន និងអ្នកនៅពីក្រោយខ្នង សូមដកខ្លួនចេញជាបន្ទាន់ បើពុំដូច្នោះទេ អាជ្ញាធរខេត្តនឹងបញ្ជាឲ្យសមត្ថកិច្ចចាត់វិធានការក្តៅហើយ៕

13606604_1800648100221748_332723509739133816_n

13592262_1800648133555078_1175819130031129347_n13567260_1800648443555047_6373174705207290782_n13567073_1800648386888386_6072762124796237901_n