យុវជនរបស់គណបក្សប្រជាជនកម្ពុជា គឺជាកម្លំាងចលករដ៏សំខាន់សម្រាប់គណបក្សប្រជាជនកម្ពុជា


ឯកឧត្តម សុខ លូ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារយុវជនខេត្តកំពង់ធំ និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ថ្លែងថា យុវជនគណបក្សប្រជាជនកម្ពុជា ត្រូវតែខិតខំស្វែងយល់អំពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងចុះមូលដ្ឋានជួបប្រជាពលរដ្ឋ ដើម្បីបង្រៀនប្រជារដ្ឋឲ្យចេះគូសសន្លឹកឆ្នោត។

ឯកឧត្តម ប្រធាន បានថ្លែងយ៉ាងដូច្នេះ នៅក្នុងឱកាសជួបសំណេះសំណាលជាមួយយុវជនគណបក្សប្រជាជនកម្ពុជា ប្រមាណជិត ១ពាន់នាក់ នៅកន្លែងផ្សេងគ្នា ក្នុងនោះ ពេលព្រឹកនៅស្រុកសណ្តាន់ ចំនួន ៥៥៩នាក់ និងពេលរសៀលនៅស្រុកប្រាសាទសំបូរ ចំនួន ៤០៥ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨។

ថ្លែងក្នុងពិធីសំណេះសំណាលនោះដែរ ឯកឧត្តមប្រធាន មានប្រសាសន៍លើកឡើងថា ក្នុងនាមជាយុវជនរបស់គណបក្សប្រជាជនកម្ពុជា ត្រូវក្លាហាន ស្វាហាប់ គោរពនូវតួនាទី និងភារកិច្ចរបស់ខ្លួន ក្នុងការចុះមូលដ្ឋានជួបប្រជាពលរដ្ឋ ដើម្បីផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំប្រទេស រក្សាបាននូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។ ជាពិសេស យុវជន និងសមាជិកបក្ស ត្រូវយល់ដឹងអំពីការបោះឆ្នោត និងពន្យល់ប្រជាពលរដ្ឋអំពីសារៈសំខាន់នៃការបោះឆ្នោត គឺធ្វើតែមួយថ្ងៃគត់ នៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨ ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៣រសៀល។ ហើយបងប្អូនដើម្បីទៅបោះឆ្នោតបាន បងប្អូនប្រជាពលរដ្ឋត្រូវមានឈ្មោះក្នុងបញ្ចីបោះឆ្នោតនៅការិយាល័យបោះឆ្នោត និងត្រូវកាន់យកទៅជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើអោយការបោះឆ្នោត។ ប្រសិនបើបងប្អូនប្រជាពលរដ្ឋមិនទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររបស់ខ្លួនត្រូវបានបាត់ ឬខូច ដោយណែនាំដល់សាមីខ្លួន ត្រូវរួសរាន់ដាក់ពាក្យស្នើសុំឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោតនៅរដ្ឋបាលឃុំ សង្កាត់សាមី។ ឯកឧត្តមប្រធាន បន្ថែមទៀតថា នៅពេលទទួលបានសន្លឹកឆ្នោត សូមពិនិត្យមើល បើសន្លឹកឆ្នោតគ្មានបោះត្រានៅខាងខ្នង ឬមានប្រឡាក់ទឹកត្រា ទឹកខ្មៅ ត្រូវសុំដូរសន្លឹកឆ្នោតថ្មីវិញ ព្រោះសន្លឹកឆ្នោតបែបនេះត្រូវចាត់ទុកជាសន្លឹកឆ្នោតមិនបានការ។ ម្យ៉ាងវិញទៀត រាល់ការគូសសន្លឹកឆ្នោត សូមគូសសញ្ញាតែមួយ (√ ឬ + ឬ x) នៅក្នុងប្រអប់បួនជ្រុងទ្រវែង ដែលមានសញ្ញាគណបក្សប្រជាជនកម្ពុជារូបទេវតាបាចផ្កា ស្ថិតនៅលេខរៀងទី ២០ លើសន្លឹកឆ្នោត។ មិនត្រូវសរសេរជាលេខ ជាអក្សរ ឬហត្ថលេខា ឬជាពាក្យអ្វី នៅលើសន្លឹកឆ្នោត និងមិនត្រូវគូសសាកទឹកប៊ិចនៅលើសន្លឹកឆ្នោត ទាំងខាងមុខ និងខាងខ្នង ដែលនាំឲ្យសន្លឹកឆ្នោតត្រូវចាត់ទុកជាមិនបានការ។

ឯកឧត្តម ប្រធានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា មិនមែនជាគណបក្សដែលដឹកនាំល្អឥតខ្ចោះនោះទេ ប៉ុន្តែក៏មិនមានគណបក្សណាដែលដឹកនាំល្អជាងគណបក្សប្រជាជននោះដែរ និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ កុំបីខាន ដើម្បីរក្សានូវសុខសន្តិភាព និងការអភិវឌ្ឍបន្តទៀត៕