ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល ប្រធានក្រុមការងារគណបក្សថ្នាក់កណ្ដាល ចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការពង្រីកសមាជិកបក្ស ជាមួយគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ស្រុកសន្ទុកនិង គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកតាំងគោក


កាលពីថ្ងៃអាទិត្យ ៥ រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារគណបក្សថ្នាក់កណ្ដាលចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំ៖
-ពេលព្រឹកជាមួយគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ស្រុកសន្ទុក និងលោក លោកស្រី ជាប្រធានគណបក្សឃុំទាំង១០ របស់ស្រុក ។
-ពេលរសៀលជាមួយគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកតាំងគោក និងលោក លោកស្រី ជាប្រធានគណបក្សឃុំទាំង៨ របស់ស្រុក។

ក្នុងកិច្ចប្រជុំទាំងពីរខាងលើ ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល
បានអញ្ជើញមានប្រសាសន៍ថាការជួបប្រជុំធ្វើការងាររបស់យើងនៅពេលនេះ គឺដើម្បីត្រៀមលក្ខណៈសម្បត្តិឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ។
ឯកឧត្តមបណ្ឌិត ក៏បានមានប្រសាសន៍ថ្លែងអំណរគុណ និងកោតសរសើរចំពោះគណបក្សគ្រប់ឃុំ គណបក្សស្រុក និងក្រុមការងារដែល បានខិតខំបំពេញការងារទទួលបានលទ្ធផលល្អកន្លងមក និងត្រូវខិតខំអនុវត្តបន្តទៀតផងដែរលើការងារពង្រឹងមូលដ្ឋាន និងកសាងសមាជិកគណបក្សចំពោះភូមិ-ឃុំខ្លះដែលនៅមិនទាន់គ្រប់ផែនការ ។ បន្ទាប់មក ឯកឧត្ដមបណ្ឌិត បានអនុញ្ញាតឲ្យ ឯកឧត្តម លុក សម្បត្តិ សមាជិកគណៈអចិន្ត្រៃយ៍គណបក្សខេត្តកំពង់ធំ ធ្វើបទបង្ហាញអំពីសន្ទស្សន៍នៃការកសាង និងពង្រឹងសមាជិកគណបក្សគ្រប់ឃុំក្នុងស្រុកសន្ទុក និងស្រុកតាំងគោក និងពិនិត្យតាំងពីភូមិ មកតែម្តង ។