ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ពង្រឹងមន្ត្រីគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែក គ្រប់រូបឲ្យធ្វើតែអំពើល្អ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ដោយទទួលបានការជឿទុកចិ


ឯកឧត្តម ងួន រតនៈ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ពង្រឹងមន្ត្រីគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែក គ្រប់រូបឲ្យធ្វើតែអំពើល្អ ជាពិសេសមន្ត្រីបង្គោលដែលជាមេឃុំ ស្មៀន មេប៉ុស្តិ៍ និង មេភូមិ ខិតខំបំពេញតួនាទី ភារកិច្ចរបស់ខ្លួនឲ្យបានត្រឹមត្រូវ ធ្វើអំពើល្អ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ដោយទទួលបានការជឿទុកចិត្ត និងអនុវត្តតាមសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃ។

ការថ្លែងយ៉ាងដូច្នេះ លើកឡើងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ នៅស្នាក់ការគណបក្សស្រុកស្ទោង នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២។

ឯកឧត្តមប្រធានគណបក្ស បន្តទៀតថា មន្ត្រីរបស់គណបក្ស ត្រូវគោរពទៅតាមការចាត់តាំងរបស់គណបក្ស ថែរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងរបស់គណបក្សឲ្យកាន់តែរឹងមាំ នឹងបន្តចុះមូលដ្ឋានសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋតាមខ្នងផ្ទះឲ្យបានញឹកញាប់ ដើម្បីស្ដាប់នូវបញ្ហានិងសំណូមពរនានា ដែលកើតមានឡើងនៅក្នុងមូលដ្ឋាន យកមកធ្វើការដោះស្រាយអោយបានល្អប្រសើរ។

ឯកឧត្តមបន្ថែមទៀតថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)នឹងធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះ ឈ្មោះបោះឆ្នោតចាប់ពីថ្ងៃទី ២០ ខែតុលា រហូតដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២។ ដូចនេះ ដើម្បីទទួលបាននូវភាពឈ្នះ យើងត្រូវជំរុញ និងជួយសមាជិកគណបក្ស និងអ្នកគាំទ្រគណបក្ស ក្នុងការផ្ទៀងផ្ទាត់ឈ្មោះក្នុងបញ្ជីបោះឆ្នោត និងជំរុញយុវជនដែល ទើបគ្រប់អាយុបោះឆ្នោត និងអ្នកដែលពុំទាន់មានឈ្មោះក្នុងបញ្ជីបោះឆ្នោតឲ្យទៅចុះឈ្មោះបោះឆ្នោត និង ត្រៀមឯកសារពាក់ព័ន្ធសម្រាប់ការបោះឆ្នោតឲ្យបានត្រឹមត្រូវ ធ្វើយ៉ាងណាឱ្យសមាជិកបក្ស ១ រូប គឺជាសំឡេងឆ្នោតគាំទ្រគណបក្ស ១ សន្លឹក។