ឯកឧត្តមបណ្ឌិត ជា ចាន់តូ ដឹកនាំសមាជិកសមាជិកាគណបក្សប្រជាជនខេត្តកំពង់ធំ ជាង៣ម៉ឺននាក់ ចូលរួមបើកយុទ្ធនាការរកសំឡេងឆ្នោតនៅទូទាំខេត្ត


ឯកឧត្តមបណ្ឌិត ជា ចាន់តូ ដឹកនាំសមាជិកសមាជិកាគណបក្សប្រជាជនខេត្តកំពង់ធំ ជាង៣ម៉ឺននាក់ ចូលរួមបើកយុទ្ធនាការរកសំឡេងឆ្នោតនៅទូទាំខេត្ត

(កំពង់ធំ)៖ ក្នុងថ្ងៃបើកយុទ្ធនាការរកសំឡេងឆ្នោត គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ បានធ្វើការដង្ហែរក្បួនឃោសនាទ្រង់ទ្រាយធំ ដែលមានសមាជិក សមាជិកាចូលរួម៣២.២០០នាក់នៅទូទាំងខេត្តកំពង់ធំ។

តាមការបញ្ជាក់ពីឯកឧត្តម សុក ហៃ សមាជិកអចិន្ត្រៃយ៍ជាប្រធានគណៈឃោសនាគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ នៅព្រឹកវេលាម៉ោង ៧.០០នាទី ថ្ងៃទី១ ខែកក្តដា ឆ្នាំ២០២៣នេះ ការដង្ហែក្បួនឃោសនាបោះឆ្នោត របស់បក្សប្រជាជនកម្ពុជា ធ្វើឡើងនៅគ្រប់ឃុំ-សង្កាត់ទាំង៨១ទូទាំងខេត្ត តែទីតាំងធំជាងគេ គឺនៅទីរួមខេត្ត ដែលបានរៀបចំក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ និងឯកឧត្តម ងួន រតនៈ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ។

ឯកឧត្តមបានបញ្ជាក់ទៀតថា នៅតាមបណ្តាឃុំសង្កាត់ទាំង៨១ ត្រូវបានរៀបចំដង្ហែក្បួនរៀងៗខ្លួន លើកលែងតែក្រុងស្ទឹងសែន ត្រូវបានដង្ហែក្បួនក្នុងខេត្តរួច ទើបបានវិលទៅឃោសនាតាមសង្កាត់វិញដោយចេញជពីទីតាំងធំ នៅគល់ស្ពានឆ្លងកាត់ស្ទឹងសែនសួនច្បារសម្តេច ហ៊ុន សែន។

ឯកឧត្តមបានបន្ថែមថា ក្នុងពិធីដង្ហែរបើកយុទ្ធនាការឃោសនាបោះឆ្នោតថ្ងៃនេះ បានប្រើប្រាស់រថយន្តធំ តូច១,៤០០ គ្រឿងគោយន្ត ៤៦ គ្រឿង កង់បី ៨គ្រឿង រឺម៉កម៉ូតូ១០គ្រឿង ម៉ូតូ ៩.៧០២ គ្រឿង កាណូត៧០ គ្រឿង និងឧបករណ៍បំពងសំឡេង១១៥គ្រឿង។

តាមការបញ្ជាក់របស់លោក ប្រែង សាវុធ ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តបានឲ្យដឹងថាការស្នើសុំដាក់ពាក្យរបស់គណបក្សនយោបាយធ្វើការឃោសនារកសំឡេងឆ្នោតមានចំនួន៥ គណបក្សក្នុងចំណោម ១៥ គណបក្ស ដែលបានឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ នេះ។

លោកបានបញ្ជាក់ថា ក្នុងយុទ្ធនាការឃោសនានេះ បានធ្វើសកម្មភាពឃោសនាជាការជួបជុំ ការហែក្បួនឃោសនា ការប្រគុំតន្រ្តី ការចាក់មេក្រូនៅតាមទីស្នាក់ការគណបក្ស និងចល័តតាមភូមិក្នុងឃុំ សង្កាត់ ការឃោសនាតាមផ្ទះ ការចែកខិត្តប័ណ្ណ និងបិទបដាជាដើម។

លោកបានបញ្ជាក់ទៀតថា គណបក្សដែលបានដាក់ពាក្យស្នើសុំឃោសនារកសំឡេងឆ្នោតរួមមាន៖

១.គណបក្សប្រជាជនកម្ពុជា
២.គណបក្សហ្វ៊ុនស៊ិនប៉ិច
៣.គណបក្សខ្មែររូបរួមជាតិ
៤.គណបក្សប្រជាធិបតេយ្យមូលដ្ឋាន
៥.គណបក្សសញ្ជាតិកម្ពុជា។

សូមបញ្ជាក់ថា ក្នុងការហែក្បូនយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ បានប្រព្រិត្តទៅតាមរដ្ឋបាលស្រុករបស់ខ្លួនយ៉ាងអធិកអធមតាមរថយន្ដតូច ធំ ម៉ូតូជាច្រើនគ្រឿង ដោយមានការលាយឡំសម្លេង ឃោសនសព្វ និងសម្រែកឃោសនា ។

សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ។

គណបក្សនយោបាយ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គ.ជ.ប ចំនួន១៨ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សេចក្តីណែនាំ ស្តីពីការឃោសនាបោះឆ្នោត ក្នុងស្មារតីទទួលខុសត្រូវ និងត្រូវមានការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក។

គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សធំជាងគេ បានបើកយុទ្ធនាការឃោសនា នៅមជ្ឈមណ្ឌលពិព័រណ៌ និងសន្និបាតកោះពេជ្រ ដោយមានសមាជិកសរុបជាង៧ម៉ឺននាក់ ដឹកនាំផ្ទាល់ដោយសម្ដេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា៕