ឯកឧត្តម បណ្ឌិត ជា ចាន់តូ និងឯកឧត្តម ងួន រតនៈ ដឹកនាំដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតនៅខេត្តកំពង់ធំ ដោយមានសមាជិកបក្សជិត១ម៉ឺននាក់ចូលរួម



ឯកឧត្តម បណ្ឌិត ជា ចាន់តូ និងឯកឧត្តម ងួន រតនៈ ដឹកនាំដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតនៅខេត្តកំពង់ធំ ដោយមានសមាជិកបក្សជិត១ម៉ឺននាក់ចូលរួម

ឯកឧត្តម បណ្ឌិត ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍គណ:កម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងារមូលដ្ឋានចុះជួយខេត្តកំពង់ធំ និងឯកឧត្ដម ងួន រតន: សមាជិកគណ:កម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២១ ខែកក្តដា ឆ្នាំ២០២៣នេះ បានដឹកនាំសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាជិត១០,០០០នាក់ នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដង្ហែក្បូនបិទយុទ្ធនាការឃោសនារកសម្លេងឆ្នោតដើម្បីបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ ដែលជាថ្ងៃឃោសនាស្វែងរកសំឡេងឆ្នោតជាចុងក្រោយ។

ឯកឧត្តម សុក ហៃ ប្រធានគណឃោសនាអប់រំគណបក្សប្រជាជនកម្ពុជាខេត្តបានបញ្ជាក់ថា ពិធីបីទយុទ្ធនាការឃោសនាបោះឆ្នោត ធ្វើឡើងនៅសួនកុមារ ស្ថិតនៅក្រុងស្ទឹងសែន ដែលសមាជិកកណបក្យប្រជាជនកម្ពុជាជិត១០,០០០នាក់ មកពីស្រុកកំពង់ស្វាយ ស្រុកសន្ទុក និងក្រុងស្ទឹងសែន ដោយចេញដំណើររួមគ្នាទៅកាន់ស្រុករបស់ខ្លួន ដែលកំពង់តែរង់ចាំដើម្បីបិទយុទ្ធនាការឃោសនារកសម្លេងឆ្នោត។

ឯកឧត្តមបានបន្តថា សម្រាប់ស្រុក៦ទៀត បានរៀបចំដង្ហែក្បួននៅទីប្រជុំជនក្នុងស្រុករៀងៗខ្លួន ដោយប្រមូលផ្តុំសមាជិកយកពីឃុំរបស់ខ្លួន ហើយក្នុងការហែក្បូនយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ បានប្រព្រឹត្តិទៅតាមស្រុករបស់ខ្លួនយ៉ាងអធិកអធមតាមរថយន្ដ តូច ធំ ម៉ូតូ ជាច្រើនគ្រឿងដោយមានការលាយឡំសម្លេងឃោសនសព្វ និងសម្រែកឃោសនាផងដែរ។

តាមការបញ្ជាក់ពីលោក ប្រែង សាវុធ ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តកំពង់ធំ បានឲ្យដឹងថា ការដង្ហែក្បួនឃោសនារកសំឡេងឆ្នោតនៅថ្ងៃទី២១នេះ មានតែគណបក្សប្រជាជនកម្ពុជា១ប៉ុណ្ណោះ ដែលបានដង្ហែក្បួនឃោសនា។

លោកបានបន្តថា សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៧ រយៈពេល២១ថ្ងៃ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ ត្រូវបិទបញ្ចប់នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ ដោយយុទ្ធនាការក្នុងរយៈពេលជាង២០ថ្ងៃកន្លងទៅនេះ បានប្រព្រឹត្តិទៅក្រោមបរិយាកាសល្អប្រសើរ និងគ្មានអំពើហិង្សាកើតឡើយនោះទេ។
សម្រាប់ខេត្តកំពង់ធំមាន១៥ គណបក្សនយោបាយដែលបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតអាណត្តិទី៧នេះ៕